(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានបន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មកពីឃុំណាំតៅ និងឃុំភ្នំដី ជិត៦ពាន់នាក់ នៅក្នុងបរិវេណ សាលាបឋមសិក្សាណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ថ្លែងនៅក្នុងពិធីសំណេះសំណាល នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនា ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានគណបក្ស។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា យើងបានជួបប្រជុំគ្នា សំណេះសំណាលសួរសុខទុក្ខគ្នាថ្ងៃនេះ ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព ដែលកើតចេញពីការ យកជិវិត របស់យើងកូនចៅសាច់ញាតិគ្រួសារពួកយើង ទៅប្តូរនាំមកនូវស្ថេរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពធូរធារហូបឆ្អែត ផ្ទុយស្រឡះ ពីរបបអតីតកាល បីឆ្នាំប្រាំបីខែម្ភៃ។
លោកថា ថ្ងៃដឹកនាំដោយប៉ុលពតប្រជាពលរដ្ឋ គ្មានសិទ្ធិនិយាយពីសុខទុក្ខ គ្មានទេការហូបឆ្អែត មានតែការបង្ខិតបង្ខំ ឲ្យប្រជាពលរដ្ឋធ្វើការងារជាទំងន់ និងការកាប់សម្លាប់ប្រល័យ ពូជសាសន៍ជាតិខ្លួនឯង សមុទ្រឈាម-ទឹកភ្នែក បង្កការវិនាសសកម្មឈឺចាប់ គ្មានអ្វីប្រៀបផ្ទឹមបានលើលោក ដូចនេះយើងត្រូវតែនាំគ្នាបន្តថែរក្សានូវសន្តិភាព ដែលកើតពីការយក សាច់ឈាម និងជិវិតទៅប្តូរនេះឲ្យនៅគង់វង្ស។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏ថ្លែងអំណរគុណដល់មហាគ្រួសារ អ្នកបន្ទាយមានជ័យ ទាំងអស់ ដែលបានទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គ្រប់ការបោះឆ្នោតនាពេលកន្លងមក។
លោកសូមមហាគ្រួសារ ទៅបោះឆ្នោត បន្តការគាំទ្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នា ដើម្បីបន្តភាពសុខសាន្ត និងកាន់សម្បូរសប្បាយធូរធាររបស់យើងទាំងអស់គ្នា បន្តការកសាងផ្លូវ ស្ពាន សាលារៀន អគ្គិសនីកាន់តែច្រើន និងទំនើប បន្ថែមទៀត «សន្លឹកឆ្នោតយើង ជាអនាគតយើង-កូនចៅយើង និងភាពរីកចម្រើនមូលដ្ឋានយើង»។
ជាទ្រនាប់ដៃ នៃវប្បធម៌ចែករំលែក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវថវិកា និងអំណោយ សម្រាប់ប្រគល់ជូនដូចខាងក្រោម៖
១៖ ប្រជាពលរដ្ឋចំនួន៥,២៦០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១
២៖ លោកគ្រូ អ្នកគ្រូ ចំនួន១៨៥នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ថវិកា១ម៉ឺនរៀល
៣៖ ជូនឃុំណាំតៅ, ជូនឃុំភ្នំដី និងសាលាបឋមសិក្សាណាំតៅ ដោយក្នុង១ឃុំ/សាលាទទួលបានថវិកា ១លានរៀល
៤៖ សម្រាប់មនុស្សចាស់ ចំនួន៤០០នាក់ ក្នុង១ម្នាក់ ទទួលបានថវិកា២ម៉ឺនរៀល, សារ៉ុង១, អំបិល២កញ្ចប់, ទឹកដោះខាប់២កំប៉ុង, បំពង់ទឹកក្តៅ១, តែ១កញ្ចប់, ក្រម៉ា១, មី១០កញ្ចប់, ពិល១, ប្រេងខ្យល់២ដប, ប្រេងកូឡា២ប្រអប់, កៅអៀក២កញ្ចប់។
៥៖ ជួយសាងសង់សាលារៀន១ខ្នង មាន៦បន្ទប់ នៅសាលាបឋមសិក្សាភូមិថ្មី
៦៖ ជួយសាងសង់ស្ពានឆ្លងប្រឡាយ២កន្លែង
៧៖ ជូនយុវជនសកម្មស្រុក ថវិកា១លានរៀល៕