(ភ្នំពេញ)៖ កម្មវិធីយល់ដឹងផ្នែកច្បាប់សម្រាប់សប្តាហិ៍នេះរបស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី សាលាជម្រះក្តី មកធ្វើការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិសិត្សដូចតទៅ៖
យោងតាមមាត្រា៥១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ អំណាចគ្រប់គ្រងរដ្ឋត្រូវបានបែងចែកជាបីដាច់ដោយឡែកពីគ្នា គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ តុលាការ គឺជាស្ថាប័នឯករាជ្យមួយ ដែលមានអំណាចក្នុងការជំនុំជម្រះគ្រប់រឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចតុលាការត្រូវបានអនុវត្តតាមរយៈសាលាជម្រះក្តី ដែលត្រូវបានបែងចែកជាពីរជាន់ គឺ សាលាជម្រះក្តីជាន់ទាប មានសាលាដំបូង និងសាលាជម្រះក្តីជាន់ខ្ពស់ មានសាលាឧទ្ធរណ៍ និងតុលាការកំពូល នេះបើយោងតាមមាត្រា៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ។
សាលាជម្រះក្តីជាន់ទាប ត្រូវបានដាក់ឲ្យមាននៅគ្រប់រាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានហៅថា សាលាដំបូងរាជធានី-ខេត្ត លើកលែងតែករណីខេត្តកំពត និងខេត្តកែប គឺមានសាលាជម្រះក្តីតែមួយរួមគ្នា គឺសាលាដំបូងខេត្តកំពត ។ ជាគោលការណ៍ សាលាជម្រះក្តីជាន់ទាបត្រូវបែងចែកជាតុលាការជំនាញដូចជា តុលាការព្រហ្មទណ្ឌ តុលាការរដ្ឋប្បវេណី តុលាការការងារ និងតុលាការ ពាណិជ្ជកម្មជាដើម ។ ដោយឡែក តុលាការយោធា ក៏ត្រូវបានចាត់ចូលជាសាលាជម្រះក្តីជាន់ទាបផងដែរ ដោយតុលាការនេះមានលក្ខណៈពិសេស ទទួលដោះស្រាយតែទៅលើរឿងក្តីដែលមានចរិតលក្ខណៈ ជាប្រភេទបទល្មើសយោធា។ តុលាការយោធាមានតែមួយប៉ុណ្ណោះ គឺមានទីតាំងក្នុងរាជធានីភ្នំពេញ ប៉ុន្តែមានយុត្តាធិការលើគ្រប់សំណុំរឿងបទល្មើសយោធាទូទាំងប្រទេស ។
សាលាដំបូងរាជធានី-ខេត្ត ដំណើរការទៅដោយមានប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីរដ្ឋបាល មន្រ្តីហិរញ្ញវត្ថុ និងអាចមានមន្រ្តីជំនាញផ្នែកច្បាប់ផ្សេងទៀត ។ សាលាដំបូងរាជធានី-ខេត្ត មានតួនាទីក្នុងការស៊ើបសួរ និងជំនុំជម្រះក្តីទៅលើរឿងក្តីទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន (សមត្ថកិច្ចដែនដី និងសមត្ថកិច្ចដែលកំណត់ដោយច្បាប់) ។ នៅតាមសាលាដំបូងរាជធានី-ខេត្ត មានស្ថាប័ន មួយនៅអមជាមួយហៅថា អយ្យការអមសាលាដំបូង ។
ស្ថាប័នអយ្យការមានមុខងារធ្វើបណ្តឹងអាជ្ញា និងស្នើសុំឲ្យអនុវត្តច្បាប់នៅមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ ព្រមទាំងអនុវត្តមុខងារផ្សេងទៀតដែលច្បាប់បានកំណត់ ។ ស្ថាប័ននេះក៏មានតួនាទីជំរុញការអនុវត្តច្បាប់ និងធានាសណ្តាប់ធ្នាប់សាធារណៈផងដែរ។ ស្ថាប័នអយ្យការអមសាលាដំបូង រួមមាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល និងអាចមានមន្ត្រីជំនាញផ្នែកច្បាប់ផ្សេងទៀត ។
ការជំនុំជម្រះរឿងក្តី ឬ ការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានី-ខេត្ត អាចធ្វើឡើងដោយចៅក្រមទោល (ម្នាក់) ឬ ដោយក្រុមប្រឹក្សាជំនុំជម្រះ (ចៅក្រមបីរូប) ដោយមានក្រឡាបញ្ជីជាអ្នកកត់ត្រា ចូលរួមដោយតំណាងអយ្យការ និងមេធាវីតំណាង ឬ ការពារសិទ្ធិឲ្យភាគី ដោយអនុលោមតាមបទប្បញ្ញត្តិស្តីពីនីតិវិធីរដ្ឋប្បវេណី នីតិវិធីព្រហ្មទណ្ឌ ឬ បទប្បញ្ញត្តិស្តីពីនីតិវិធីផ្សេងទៀត។ ដោយឆ្លងកាត់ការជំនុំជម្រះក្តី សាលាដំបូងត្រូវចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន ដែលត្រូវបានហៅថា «សាលក្រម»។ ភាគីដែលមិនសុខចិត្តនឹងការសម្រេចសេចក្តីដែលមានក្នុងសាលក្រម អាចប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
ចំពោះសាលាជម្រះក្តីជាន់ខ្ពស់ ត្រូវបានបែងចែកជាពីរ គឺសាលាឧទ្ធរណ៍និងតុលាការកំពូល។ សាលាឧទ្ធរណ៍ គឺជាសាលាជម្រះក្តីថ្នាក់ទីពីរ ដែលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ និងបណ្តឹងជំទាស់លើសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ សាលាឧទ្ធរណ៍ត្រូវបានបែងចែកជា សាលាឧទ្ធរណ៍ភ្នំពេញ និង សាលាឧទ្ធរណ៍តំបន់ ប៉ុន្តែបច្ចុប្បន្ននេះ យើងមានតែសាលាឧទ្ធរណ៍ភ្នំពេញតែមួយប៉ុណ្ណោះ គឺពុំទាន់បានបង្កើតសាលាឧទ្ធរណ៍តំបន់នៅឡើយទេ ។ សាលាឧទ្ធរណ៍មានសមាសភាពដូចជា ប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល និងអាចមានមន្រ្តីជំនាញច្បាប់ផ្សេងទៀត ។ ដំណើរការជំនុំជម្រះរបស់សាលាឧទ្ធរណ៍ត្រូវធ្វើឡើងតាមរយៈសភាជំនាញ ដែលមានដូចជា សភាស៊ើបសួរ សភាព្រហ្មទណ្ឌ សភារដ្ឋប្បវេណី សភាពាណិជ្ជកម្ម និង សភាការងារជាដើម។ សភាជំនាញនីមួយៗត្រូវមានប្រធានសភា ចៅក្រមប្រឹក្សា និងក្រឡាបញ្ជីរៀងៗខ្លួន។
នៅអមសាលាឧទ្ធរណ៍ក៏មានស្ថាប័នអយ្យការផងដែរ ហើយត្រូវបានហៅថា មហាអយ្យការអមសាលាឧទ្ធរណ៍។ មហាអយ្យការអមសាលាឧទ្ធរណ៍ មានសមាសភាពដូចជា អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល និងអាចមានមន្រ្តីជំនាញផ្នែកច្បាប់ផ្សេងទៀត ។
សាលាឧទ្ធរណ៍ធ្វើការជំនុំជម្រះដោយក្រុមប្រឹក្សាជំនុំជម្រះ ដែលមានចៅក្រម០៣រូប រួមមានប្រធាន០១រូប និងសមាជិក០២រូប និងមានការចូលរួមដោយក្រឡាបញ្ជីជាអ្នកកត់ត្រា ចូលរួមដោយតំណាងមហាអយ្យការ និងមេធាវីតំណាង ឬ ការពារសិទ្ធិឲ្យភាគី ដោយអនុលោមតាមបទប្បញ្ញត្តិស្តីពីនីតិវិធីរដ្ឋប្បវេណី នីតិវិធីព្រហ្មទណ្ឌ ឬបទប្បញ្ញត្តិ ស្តីពីនីតិវិធីផ្សេងទៀត។ ដោយឡែកសម្រាប់រឿងក្តីដែលត្រូវបានតុលាការកំពូលសម្រេចបង្វិលមកវិញ នោះសាលាឧទ្ធរណ៍ត្រូវធ្វើការជំនុំជម្រះម្តងទៀត ដោយមានក្រុមប្រឹក្សាជំនុំជម្រះ ជាចៅក្រមចំនួន០៥រូប ក្នុងនោះមានប្រធាន០១រូប ហើយចៅក្រមចំនួន០៤រូបទៀត សុទ្ធតែជាចៅក្រមដែលមិនបានចូលរួមជំនុំជម្រះ កាលពីលើកមុន។
សាលាឧទ្ធរណ៍ធ្វើការសម្រេចសេចក្តីដោយពិនិត្យមើលទាំងអង្គហេតុ និងអង្គច្បាប់។ ឆ្លងកាត់នីតិវិធីជំនុំជម្រះ សាលាឧទ្ធរណ៍ត្រូវចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន ដែលហៅថា «សាលដីកា» ។ ភាគីដែលមិនពេញចិត្តនឹងសេចក្តីសម្រេចដែលមានក្នុងសាលដីការបស់សាលាឧទ្ធរណ៍ អាចប្តឹងសាទុក្ខទៅតុលាការកំពូល តាមកំណត់ច្បាប់។
តុលាការកំពូលគឺជាសាលាជម្រះក្តីជាន់ខ្ពស់ និងចុងក្រោយបង្អស់ ។ សេចក្តីសម្រេចរបស់តុលាការកំពូល គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ តុលាការកំពូលមានតែមួយគត់ និងមានទីតាំងនៅរាជធានីភ្នំពេញ ។ សមាសភាពតុលាការកំពូលរួមមាន ប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល និងអាចមានមន្រ្តីជំនាញផ្នែកច្បាប់ផ្សេងទៀត ។ តុលាការកំពូលមានការបែងចែកជាសភាជំនាញ និងមានស្ថាប័នមហាអយ្យការនៅអមដូចសាលាឧទ្ធរណ៍ផងដែរ ។ តុលាការកំពូលមានសមត្ថកិច្ចជំនុំជម្រះលើបណ្តឹងសាទុក្ខ ដែលមានចៅក្រមចំនួន០៥រូប រួមមានប្រធាន ០១រូប និងចៅក្រមប្រឹក្សាចំនួន ០៤រូប ដោយពិនិត្យ និងសម្រេចទៅលើតែអង្គច្បាប់ប៉ុណ្ណោះ ។ ក្នុងករណីមានបណ្តឹងសាទុក្ខលើកទី២ តុលាការកំពូលធ្វើការជំនុំជម្រះដោយពិនិត្យទាំងអង្គហេតុ និងអង្គច្បាប់ ដោយមានចៅក្រមចំនួន ០៩រូប ក្នុងនោះមានប្រធាន០១រូប និងចៅក្រមប្រឹក្សា០៨រូប ដែលការជំនុំជម្រះនេះ ហៅថា សភាពេញអង្គ ឬ ការជំនុំជម្រះរួមក្រុម ។ សេចក្តីសម្រេចចុងក្រោយរបស់តុលាការកំពូលហៅថា “សាលដីកា” ដែលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា និងមានលក្ខណៈស្ថាពរ ។
ទោះបីយ៉ាងណាក៏ដោយ ច្បាប់បានបើកផ្លូវឲ្យមានការប្តឹងជំនុំជម្រះសាជាថ្មី ឬ ជំនុំជម្រះឡើងវិញចំពោះសេចក្តីសម្រេចស្ថាពរផងដែរ ដោយត្រូវបំពេញតាមលក្ខខណ្ឌដែលមានកំណត់ដោយច្បាប់៕
រៀបចំដោយលោកមេធាវី សេង ឈុនលី អនុប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ