(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា បានថ្លែងថា បងប្អូនអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារទាំងអស់ នៅទូទាំងប្រទេសកម្ពុជា បានចូលរួមលះបង់អាយុជីវិតប្ដូរសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ ឲ្យរួចផុតពីរបបបនប្រល័យ ពូជសាសន៍ ប៉ុល ពត រហូតធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។
ការថ្លែងបែបនេះ របស់ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា ក្នុងឱកាសដែលលោក អញ្ជើញចូលរួម ក្នុងពិធីជួបសំណេះសំណាល និងបំពាក់មេដាយ ជូនអតីតយុទ្ធជនកម្ពុជា មកពីស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង ចំនួន២៩២នាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលាបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធាន កាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទំាងមូល ដោយលោកបានលើកឡើង អំពីគម្រូវីរភាពរបស់សម្តេចទាំងទ្វេរ ដែលជានិច្ចជាកាល តែងតែគិតគូរដល់សុខទុក្ខ អតីតយុទ្ធជនរបស់ យើងទាំងអស់គ្នា។
ក្នុងនោះ បានឆ្លុះបញ្ចាំងតាមរយៈការគិតគូរ អំពីរបបសន្ដិសុខសង្គមប្រចាំខែ ជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធី ផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗ ឲ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកំពស់ជីវភាពបងប្អូន អតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរឡើង ក៏ដូចជាការលើកទឹកចិត្ត ដល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា។
លោកថា ការបំពាក់មេដាយការពារជាតិ ជូនអតីយុទ្ធជនកម្ពុជាទាំងនេះ កាន់តែបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្រ្ដី និងប្រធានសមាគម អតីតយុទ្ធជនកម្ពុជា មិនដែលបំភ្លេចគុណបំណាច់របស់បងប្អូន អតីតយុទ្ធជនទាំងអស់ ដែលបានលះបង់ពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបុព្វហេតុ រំដោះជាតិ និងប្រជាជនឲ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា សន្ដិភាពដែលនាំឲ្យកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺជាស្នាដៃដ៏ធំធេង របស់យុទ្ធជនយើង ដែលគុណូបការៈនេះ យើងម្នាក់ៗ មិនអាចបំភ្លេចបានទេ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បន្តគាំទ្រគណបក្ស ប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីទទួលបានការអភិវឌ្ឍន៍ និងសន្តិភាពពេញផ្ទៃប្រទេស។
សម្រាប់អតីតយុទ្ធជនទាំងអស់ ដែលបានមកចូលរួមក្នុងកម្មវិធីនោះ ក៏បានទទួលនូវប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងម្នាក់ៗ ៥ម៉ឺនរៀល, សារ៉ុង១ និងក្រម៉ា១ផងដែរ៕