(ភ្នំពេញ)៖ តារាសម្តែង និងចម្រៀង ដែលទស្សនិកជនក្រៅប្រទេស ដាក់រហស្សនាមថា តារាសិចស៊ី គឺអ្នកនាង ឆ័យលី ដាឡែន ចាប់តាំងពីចូលរួមសម្តែងក្នុងរឿង «មរណៈមាតា» នោះមក បច្ចុប្បន្នហាក់ មានប្រជាប្រិយភាពឡើងវិញ ក្រោយវិលមកសិល្បៈ បន្ទាប់ពីត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកពីសិល្បៈរយៈពេល៣ឆ្នាំ ដោយសារតែភាពសិចស៊ីជ្រុលពេក កាលដែលនាងទៅសម្តែងនៅអាមេរិក។ យ៉ាងណាមិញ បើងាកមកជីវិតឯកជនរបស់នាង ក៏ត្រូវបានទស្សនិកជនដឹងថា បានរៀបការជិត ៣ឆ្នាំមកហើយ ជាមួយនឹងស្វាមីរូបសង្ហាម្នាក់ ដែលមានវ័យប្អូននាង រហូតដល់ទៅ១០ឯណោះ។ ជាមួយគ្នានេះ ទស្សនិកជនកំពុងតែរងនូវមន្ទិលថា ហេតុបាននាង សម្រេចយ៉ាងប្រញាប់ យកស្វាមី អាយុប្អូនជាងខ្លួនច្រើនឆ្នាំ បែបនេះទៅវិញ?
ពាក់ព័ន្ធនឹងរឿងនេះ តារាសម្តែងញញឹមស្រស់ អ្នកនាង ឆ័យលី ដាឡែន បានថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ប្រាប់ឲ្យដឹងថា «អ្នកនាងបានទាក់ទងគ្នា ជាមួយនឹងស្វាមី អស់រយៈពេល ៦ឆ្នាំមកហើយ ទំរាំតែសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការ ដែលមានចាស់ទុំដឹងឮនោះ ដោយកាលនាងគ្មានការងារធ្វើ ពោលគឺពេលដែលត្រឡប់មកពីអាមេរិកវិញ ហើយត្រូវក្រសួងផ្អាកការងារនោះ ស្វាមីរបស់នាង បានលើកទឹកចិត្តនៅក្បែរនាងរហូត ទោះបីជាពេលនោះ នាងមិនទាន់រៀបការក្តី»។
តារាសម្តែងកូនមួយរូបនេះ បានថ្លែងបន្តថា «រវាងនាង និងស្វាមី គឺមានវ័យបងប្អូនគ្នារហូតដល់ទៅ១០ឆ្នាំឯណោះ ដោយនាងមានអាយុ ៣៧ឆ្នាំ ខណៈស្វាមី មានអាយុ ២៧ឆ្នាំ ហើយមូលេហេតុ ដែលសម្រេចចិត្តលឿន ដឹកដៃគ្នាចូលរោងការនោះ គឺបន្ទាប់បានស្វែងយល់ចិត្តគ្នារយៈពេល ៦ឆ្នាំមកហើយ។ នាងឃើញថា ស្វាមីរបស់នាង ជាមនុស្សមានអត្តចរិតល្អ ចេះជួយនាង មិនថាការងារប្រុស ឬស្រីនោះទេ សូម្បីតែការងារផ្ទះបាយ ក៏ស្វាមីរបស់នាងធ្វើដែរ ទាំងនេះហើយ ធ្វើឲ្យតារាស្រីនិយមសិចស៊ីរូបនេះ មិនចាំបាច់គិតយូរ ក៏សម្រេចចិត្តយកគ្នា ជាគូអនាគតតែម្តងទៅ»។
ដោយឡែក រហូតមកទល់នឹងពេលនេះ សម្រាប់ព័ត៌មានមួយ ដែលកំពុងតែត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំង គឺរឿងកូនប្រុស ដែលនាងទើបបង្ហាញជាសាធារណៈ និងត្រូវបានគេខ្សឹបខ្សៀវតៗគ្នាថា ជាកូនសុំគេនោះ ត្រូវបាន ឆ័យលី ដាឡែន បញ្ជាក់យ៉ាងច្បាស់ថា ជាកូនរបស់នាងបង្កើត ហើយនាងក៏សុំទោសចំពោះរឿងកន្លងមក ដែលនាង បានលាក់បាំងរឿងមានផ្ទៃពោះ មិនព្រមប្រាប់ឲ្យមហាជនបានដឹង ដែលនេះជាដើមចម ធ្វើឲ្យមានមហាជនយល់ច្រឡំថា នេះជាកូនដែលនាងសុំគេ។
យ៉ាងណាមិញ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ថា អ្នកនាង ឆ័យលី ដាឡែន បកស្រាយពីអាថ៌កំបាំងខ្លួន ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាន របស់តារា» ក្បោះក្បាយយ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖