(ភ្នំពេញ)៖ ក្រុមបាល់ទាត់ក្នុងសាលកម្ពុជា Rolling FC បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយផ្ដួលគូប្រកួតចំនួន ៧ប្រកួតជាប់ៗគ្នា លើទឹកដីថៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ដើម្បីក្លាយជាជើងឯកពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិ Super Liga Thailand 2018 ដែលរៀបចំក្រុមហ៊ុន 24 Sevens Football ។
ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញ នៅលើទីលាន The Pattana Stadium field រយៈពេលមួយថ្ងៃពេញ ក្រុមតំណាងកម្ពុជា Rolling FC ធ្វើបានយ៉ាងល្អ ដោយបានផ្ដួលគូប្រកួតជាបន្ដបន្ទាប់ ពោលគឺមិនស្គាល់ចាញ់ ឬស្មើឡើយ ដោយឈ្នះ ៧ប្រកួតជាប់គ្នា ក្នុងនោះក៏មានក្រុមជើងខ្លាំងមកពីអឺរ៉ុប ៥ប្រទេសផងដែរ មុននឹងឡើងទៅជួបក្រុមមកពីអាល្លឺម៉ង់ ហើយបានយកឈ្នះ ២-១ ដើម្បីលើកពាន ។
បេសកកម្មមួយនេះ ក្រុម Rolling FC គឺស្ថិតក្នុងពូលB ជាមួយ ៤ក្រុមផ្សេងទៀត ។ ចំពោះលទ្ធផលប្រកួតក្នុងពូល ក្រុមតំណាងកម្ពុជានេះ បានយកឈ្នះក្រុមតំណាងប្រទេសប្រេស៊ីល ៤-១, ឈ្នះក្រុមមកពីអង់គ្លេស ៣-០, លត់ក្រុមបារាំង ៧-០ និងយកឈ្នះក្រុមមកពីឥណ្ឌា ៦-៣ ដើម្បីឈរកំពូលតារាងមាន ១២ពិន្ទុពេញ ។ បន្ទាប់មកទើប Rolling FC បន្ដដំណើរទៅប្រកួតវគ្គខ្វែង ៨ក្រុមចុងក្រោយ ដោយទម្លាក់ក្រុមក្នុងតំបន់ដូចគ្នា គឺក្រុមមីយ៉ាន់ម៉ា ៦-៥ ។
ក្រោយដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងពិបាក ក្រុមចាស់វស្សាជាមួយពានបាល់ទាត់មិនអាជីពក្នុងស្រុក Rolling FC បានឡើងទៅជួបក្រុមតំណាងប្រទេសប្រេស៊ីលជាថ្មី ហើយបានបន្ដយកឈ្នះក្នុងលទ្ធផល ២-០ ដើម្បីឡើងទៅជួបក្រុមឈរលេខរៀងទី១ នៃពូលA គឺក្រុមបាល់ទាត់ក្នុងសាលតំណាងប្រទេសអាល្លឺម៉ង់ ដោយបានយកឈ្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ ដើម្បីគ្រងតំណែងជើងឯកពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិនេះតែម្ដង ។
សូមបញ្ជាក់ថា ពានរង្វាន់ Super Liga ត្រូវបានក្រុមហ៊ុន 24 Sevens Football រៀបចំជាច្រើនលើកមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ក្រុមការងាររៀបចំពានអន្ដរជាតិនេះ ក៏បានជ្រើសរើសប្រទេសកម្ពុជា ដើម្បីរៀបចំផងដែរ ។ ចំពោះការប្រកួតលើទឹកដីឈុនបុរី ប្រទេសថៃ ឆ្នាំ២០១៨នេះ គឺមានក្រុមតំណាងឲ្យប្រទេសចំនួន ១០ ចូលរួម ក្នុងនោះក៏មានវត្តមានក្រុមតំណាងកម្ពុជាផងដែរ គឺក្រុម Rolling FC ដែលដណ្ដើមបានជើងឯក អមដោយប្រាក់រង្វាន់ ៥,០០០ដុល្លារ ៕