(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្ដប្រកាស ប្រាប់ទៅកាន់ប្រជាពលរដ្ឋ និងសកលលោកថា សម្ដេចនៅតែជាមនុស្សរបស់ប្រជាជនកម្ពុជា ហើយសម្ដេចមិនខ្វល់ថា បរទេសណាហៅសម្ដេចជាមនុស្សបែបណានោះទេ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ «វឌ្ឍនៈកាពីតាល» ឬហៅថា អគារ «ចក្កវាឡចម្លែក» (Vattanac Capital) នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីអតីតកាល គ្រាដែលសម្ដេចអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅបរទេសនោះ ពោលនៅពេលសម្ដេចអញ្ជើញ ទៅប្រទេសសេរី គេហៅសម្ដេចថាជនកម្មុយនីស ប៉ុន្ដែនៅពេលសម្ដេចអញ្ជើញទៅប្រទេសកម្មុយនីស គេហៅសម្ដេចថាជាជនសេរី។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពេលខ្ញុំទៅប្រទេសកម្មុយនីស គេហៅខ្ញុំថាជាជនសេរី ដល់ពេលខ្ញុំទៅប្រទេសសេរី គេហៅខ្ញុំថាជាជនកម្មុយនីស ដូច្នេះតើខ្ញុំជាអ្វី តែអ្វីដែលខ្ញុំមានជំនឿពិតប្រាកដសម្រាប់ខ្ញុំ គឺខ្ញុំជាតំណាងជនជាតិសាសន៍មួយ ដែលប្រកបដោយមោទនភាព ទោះនរណាហៅខ្ញុំជាអ្វី ខ្ញុំមិនខ្វល់អ្វីដែលសំខាន់ គឺហ៊ុន សែន នៅតែជាហ៊ុន សែន ពិតប្រាកដតែប៉ុណ្ណោះ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្ដារប្រទេសតាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ក៏បានបង្ហាញមោទនភាពដែលប្រជាជនកម្ពុជា មានរួមដំណើរជាមួយ សម្ដេចបានងើបឈរឡើងទាំងលំបាក ពោលតាំងពីប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម រហូតមានសន្ដិភាពដូចបច្ចុប្បន្ន។
សម្ដេច ហ៊ុន សែន ក៏បានរំលឹកដោយក្ដីមោទនថា តាំងពីការចាប់ផ្ដើមអភិវឌ្ឍ រហូតមកដល់ពេលនេះ គឺផ្សំគ្នាជាប់ជានិច្ចជាមួយសម្ដេច ហើយសម្ដេចបានយកជីវិតទៅធ្វើដើមទុន ដើម្បីរំដោះប្រទេសមួយនេះចេញពីភ្លើងសង្គ្រាម។ បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា អតីតកាលប្រទេសកម្ពុជាត្រូវបានគេហ៊ុព័ទ្ធសេដ្ឋកិច្ចខ្លាំងណាស់ ប៉ុន្ដែសម្ដេចនៅតែរំដោះប្រទេសបានដដែល ដោយមិនដែលបោះបង់ចោលនាវាកម្ពុជានោះទេ ហើយសម្ដេចនឹងនៅបន្ដដឹកនាំកម្ពុជាបន្ដទៀត ដោយមិនខ្លាចនឿយហត់។
ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់វិស័យឯកជនទាំងអស់ ដែលបានជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកលូតលាស់ ហើយសម្ដេចបន្ដលើកទឹកចិត្តឲ្យមានការមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្ដេចគូសបញ្ជាក់ថា ការរីកចម្រើននៅពេលបច្ចុប្បន្ននេះ មិនទាន់គ្រប់គ្រាន់នោះទេ ពោលត្រូវតែគៀងគរអ្នកវិនិយោគមកបន្ថែមទៀត ព្រោះកម្ពុជាមានសុខសន្ដិភាព៕