(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា ក្រោយដាក់សម្ពោធបើកដំណើរការជាផ្លូវការនូវ «អគារវឌ្ឍនៈ» អាគារពាណិជ្ជកម្មដ៏ទំនើបមួយនេះ នឹងអាចនាំឲ្យកម្ពុជាក្លាយជាកន្លែងមួយដែលទាក់ទាញទេសចរណ៍ ព្រោះអាចឲ្យទេសចរ ទិញសម្ភារៈទំនើបៗបាននៅទីនេះ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសទិញដូចពេលមុនឡើយ។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ ធ្វើឡើងនៅក្នុងពិធី បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ «វឌ្ឍនៈកាពីតាល» ឬហៅថា អគារ «ចក្កវាឡចម្លែក» (Vattanac Capital) ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារនេះចំណាយថវិកាសាងសង់ប្រមាណ២៥០លានដុល្លារអាមេរិក នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កាលមុននេះគេទៅហុងកុង ដើម្បីទិញទំនិញ ក្រោយមកនេះគេទៅសាំងហ្គាពួរ ដើម្បីទិញទំនិញ តែខ្ញុំសង្ឃឹមថា ថ្ងៃក្រោយកម្ពុជាក៏ជាគោលដៅនៃការមកទស្សនកិច្ចផង មកទិញទំនិញផង ដូចនេះហើយបានជាខ្ញុំណែនាំ»។
ជាមួយគ្នានោះ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញមោទនភាពខ្លាំងណាស់ ដែលសម្តេចមានវត្តមានចំនួន៤ដង ចូលក្នុងអាគារ «វឌ្ឍនៈកាពីតាល» ព្រោះនៅទីនេះ ពោរពេញទៅសម្ភារៈទំនើបៗ និងមានតម្លៃថ្លៃៗ៕