(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដោយលើកទឹកចិត្ត​ឲ្យ​សេដ្ឋីៗ នៅប្រទេសកម្ពុជា គួរតែទិញឧទ្ធម្ភាគចក្រជិះដើម្បីជួយបង្កលក្ខណៈ ងាយស្រួលដល់ការបំពេញការងារ និងការសង្រ្គោះប្រជាពលរដ្ឋនៅពេលទៅបណ្ដាខេត្តឆ្ងាយៗ។

បើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្រៅពីការបង្កលក្ខណៈងាយស្រួលដល់ការងារផ្ទាល់ខ្លួនហើយនោះ ក៏ជួយដល់រាជរដ្ឋាភិបាលផងដែរ នៅពេលគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការឧទ្ធម្ភាគចក្រ​ភ្លាមៗ ដើម្បីចេញទៅសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

​​ក្នុងពិធីសម្ពោធជាផ្លូវការអគារវឌ្ឍនៈ កាពីតាល នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើសេដ្ឋីៗនៅកម្ពុជាទិញហើយពិបាករកអ្នកបើកនោះ អាចទៅរកទាហានជើងអាកាសជួយបើកបាន ព្រោះថានេះក៏ជាកត្ដាជួយផ្ដល់ការងារបន្ថែម ដល់កងទ័ពផងដែរ។

​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឯកឧត្តមៗ អស់លោកឧកញ៉ា ដែលមានប្រាក់កាក់ហើយ​គួរតែខំនាំគ្នា អាចនឹងចំណាយធនធានខ្លះ ដើម្បីទិញឧទ្ធម្ភាគចក្រ​យកមកជិះទៅ, ខ្ញុំនិយាយដូច្នេះកុំថាខ្ញុំជាអ្នកឆ្លាត ឬខ្ញុំចង់ឲ្យអស់លោកក្លាយជាអ្នកជិះយន្ដហោះ ក៏ប៉ុន្ដែរដ្ឋាភិបាល​អាចមានផលប្រយោជន៍ ពីកាលដែលអស់លោក ទិញឧទ្ធម្ភាគចក្រយកមកប្រើប្រាស់ក្នុងប្រទេស​»។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានបន្ដថា «ប្រើប្រាស់ទៅវាចំណេញពេល ក៏ប៉ុន្ដែនៅពេលរដ្ឋាភិបាលត្រូវការប្រើប្រាស់ដើម្បីអន្ដរាគមន៍ដោយគ្រោះទឹកជនន់ និងអន្ដរាគមន៍ដ៏ទៃទៀត រដ្ឋាភិបាលក៏អាចប្រមូលឧទ្ធម្ភាគចក្រ​ទាំងនោះមកប្រមូលផ្ដុំ ដើម្បីជួយសកម្មភាពរបស់រដ្ឋាភិបាលដែរ»។

សម្ដេចបន្ថែមថា ឯកឧត្តម និងឧកញ៉ានៅប្រទេសកម្ពុជាមានលុយច្រើនៗណាស់ ដូច្នេះហើយឧទ្ធម្ភាគចក្រ​តម្លៃ៤-៥លានដុល្លារ គួរតែទិញជិះទៅ រួចហើយអាចឲ្យកងទ័ពអាកាសជួយគ្រប់គ្រង និងជួយបើកបរផងដែរ៕​