(ទីក្រុងគីមហ៊េ-កូរ៉េ)៖ នារាត្រីថ្ងៃសៅរ៍ទី២៦ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ហ៊ុន ម៉ាណែត និងប្រតិភូបានជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនពលករ ស្រ្តី សិស្ស និងនិស្សិតខែ្មរ ដែលកំពុងរស់នៅ និងបំពេញការងារនៅតំបន់ប៊ូសាន ប្រមាណជា ៤០០នាក់ ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងកក់ក្តៅបំផុតក្នុងនាមមហាគ្រួសារខ្មែរ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរនូវភាពវៀងវៃ ឧស្សាហ៍ព្យាយាម និងស្មោះត្រង់របស់បងប្អូនពលករខ្មែរយើង ដែលតែងតែទទួលបានការកោតសរសើរពីនិយោជកកូរ៉េ។ ទន្ទឹមនឹងនោះ លោកហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរនូវទឹកចិត្តស្រឡាញ់វប្បធម៌ សិល្បៈ ប្រពៃណីខ្មែររបស់ប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េ ដែលឆ្លៀតពេលយ៉ាងមមាញឹក ខិតខំហ្វឹកហាត់ សិល្បៈ និងសម្តែងជូនសាធារណជនកូរ៉េឲ្យបានដឹង និងស្គាល់អំពីវប្បធម៌ប្រពៃណីខ្មែរ។
គិតចាប់ពីឆ្នាំ២០០៧-២០១៨ ពលករខ្មែរចំនួនជិត ៦ ម៉ឺននាក់ត្រូវបានបញ្ជូនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម សំណង់ និងនេសាទ។ ដើម្បីផ្តល់ការគាំពារដល់ពលករយើង កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងទីប្រឹក្សាទទួលបន្ទុកពលករចំនួន២រូប អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល ធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ពលករដូចជា៖ ស្ថានភាពរស់នៅ លក្ខខណ្ឌការងារ សុខភាព គ្រោះថ្នាក់ការងារ និង ការពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតឱកាស និងជម្រើសការងារល្អកាន់តែច្រើននៅសាធារណរដ្ឋកូរ៉េ បានធ្វើឲ្យបងប្អូនពលករមានលទ្ធភាពទទួលបានការងារតាមក្តីប្រាថ្នា និងបង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារ ដែលជាមធ្យមពលករម្នាក់អាចទទួលបានប្រាក់ខែពី ១០០០ ទៅ ១២០០ ដុល្លារអាមេរិកក្នុងមួយខែ ហើយបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ដែលជាមធ្យមកម្ពុជាទទួលបានចំណូលប្រមាណ ៣០០ លានដុល្លារក្នុងមួយឆ្នាំតាមរយៈលំហូរនៃការសន្សំ និងបញ្ញើសាច់ប្រាក់ដោយផ្ទាល់មកក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា។
កន្លងមក កម្ពុជាបានឈរលើចំណាត់ថ្នាក់ល្អក្នុងចំណោមប្រទេសបញ្ជូនពលករ ១៥ ផ្សេងទៀតតាមរយៈការរក្សាបានតម្លាភាព សុក្រិតភាព និងទំនុកចិត្តខ្ពស់ក្នុងដំណើរការប្រលងជ្រើសរើស និងបញ្ជូនពលករ ដោយបានធ្វើឲ្យកូតានៃការទទួលយកពលករពីកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ នេះ កូតាបញ្ជូនពលករពីកម្ពុជាមានចំនួន៨០០០នាក់ ដែលបានឆ្លុះបញ្ចាំងពីលទ្ធផលវិជ្ជមាន និងទស្សនវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការខិតខំរក្សា និងជំរុញបង្កើនកូតានេះឲ្យបានកាន់តែច្រើនឡើងនាពេលខាងមុខ៕