(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ «វឌ្ឍនៈកាពីតាល» ឬហៅថា អគារ «ចក្កវាឡចម្លែក» (Vattanac Capital) ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារនេះចំណាយថវិកាសាងសង់ប្រមាណ២៥០លានដុល្លារអាមេរិក។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្ដើមនៃសន្ទរកថា សម្ដេចតេជោ ហ៊ុន សែន សម្ដែងការរីករាយដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមក្នុងពិធីសម្ពោធអគារវឌ្ឍៈនៅថ្ងៃនេះ
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចមិននឹកស្មានថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ខណៈដែលសម្ដេចចូលមករាជធានីភ្នំពេញ លើកដំបូងជួបមនុស្សតែជាង៧០នាក់ប៉ុណ្ណោះ
* សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ការស្ដារប្រទេស ទម្រាំមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ
* ប្រមុខនៃរាជរដ្ឋាភិបាល ប្រកាសថា សម្ដេចជឿជាក់ថា សម្ដេចអាចទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ទើបសម្រេចចុះហត្ថលេខាលើកកិច្ចព្រមព្រៀងទីក្រុងប៉ារីស
* សម្ដេចតេជោ ហ៊ុន សែន រំលឹកថា ក្រសួងការបរទេសដំបូងឡើយ មានមនុស្សតែ៣នាក់ប៉ុណ្ណោះ ដើម្បីបំពេញការងារ
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាឈរលើគោលជំហរលើភាពម្ចាស់ការ ទើបមានការអភិវឌ្ឍន៍,
* សម្ដេចលើកឡើងថា ការហ៊ុំព័ទ្ធកាលពីអតីតកាល មិនបានសម្លាប់កម្ពុជា ព្រោះសម្ដេចបានជ្រើសរើសវិស័យឯកជនជាដៃគូ,
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីអតីតកាលកម្ពុជាធ្លាប់ត្រូវបានគេចាប់ច្រមុជ ប៉ុន្ដែយើងមិនស្លាប់នោះទេ
* សម្ដេចតេជោថា សេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ ត្រូវតែដើរទន្ទឹមគ្នា
* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលសម្ដេចអញ្ជើញទៅប្រទេសសេរី គេហៅសម្ដេចជាជនកម្មុយនីស ប៉ុន្ដែពេលសម្ដេចទៅប្រទេសកម្មុយនីស គេហៅសម្ដេចថា ជាមនុស្សសេរី
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចនៅតែជាមនុស្សរបស់ប្រជាជនកម្ពុជា មិនខ្វល់ថាបរទេសហៅសម្ដេចជាមនុស្សបែបណានោះទេ
* សម្ដេចរំលឹកថា ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ ផ្ដើមចេញពីអ្នកលក់អំបោះហុង,
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា គូសបញ្ជាក់ថា កម្ពុជាបានផ្ដើមពីបាតដៃទទេ ជាមួយនឹងផលវិបាកនៃសង្គ្រាម លាយឡំជាមួយភាពឯកកោ
* សម្ដេចតេជោ ហ៊ុន សែន មានមោទនភាពដោយហេតុថា តាំងពីការចាប់ផ្ដើមតាំងពីដើមរហូតមកដល់ពេលនេះគឺផ្សំជាមួយសម្ដេចជានិច្ច ព្រោះសម្ដេចបានយកក្បាលធ្វើដើមទុនដើម្បីរំដោះប្រទេសមួយនេះ
* សម្ដេចនាយករដ្ឋមន្ដ្រី ប្រកាសថា ប្រទេសវៀតណាម ដែលមិនបង្ខំឲ្យកម្ពុជា អនុវត្តនយោបាយតាមខ្លួននោះទេ តាំងពីដើមរហូតដល់បច្ចុប្បន្ន
* សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សម្ដេចឆ្លងកាត់សង្គ្រាមចំនួន១០៥លើក ប៉ុន្ដែត្រូវរបួសត្រឹមតែ៥ដង និងពិការភ្នែកម្ខាង
* សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា បច្ចុប្បន្នវិស័យឯកជនកំពុងតែរីករាដាលដូចផ្សិតនៅកម្ពុជា, សម្ដេចអរគុណដល់វិស័យឯកជន ដែលមិនភ្លេចថាខ្លួនមានដើមកំណើតនៅឯណា
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងលើកទឹកចិត្តដល់សេដ្ឋីៗនៅកម្ពុជាថា បើមានលុយច្រើនហើយគួរតែទិញឧទ្ធម្ភាគចក្រជិះ ដើម្បីបង្កភាពងាយស្រួលដល់ការងារ ហើយក៏ជាកត្ដាល្អណាស់ សម្រាប់នៅពេលរដ្ឋាភិបាលត្រូវការគឺអាចចេញជួយសង្រ្គោះទាន់ពេលវេលា។
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បើអ្នកទិញយន្ដហោះជិះហើយមិនចេះបើក អាចឲ្យទ័ពជើងអាកាសជួយបើក ព្រោះនេះបានបង្កើនការងារដល់ពួកគាត់ផងដែរ
* សម្ដេចរំលឹកថា នៅពេលកសាងអគារវឌ្ឍនៈពេលនោះកម្ពុជា មានវិបត្តិសេដ្ឋកិច្ចកើតឡើង ប៉ុន្ដែក្រុមហ៊ុនវឌ្ឍនៈគ្រុប បានប្រឹងប្រែងជម្នះបានយ៉ាងល្អប្រសើរ
* សម្ដេចលើកឡើងថា អគារវឌ្ឍនៈ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កូនខ្មែរ ទៅលើឆាកអន្ដរជាតិ
* សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រាជធានីភ្នំពេញ ផ្ដើមចេញពីទីក្រុងមួយដែលមានផ្ទៃដីត្រឹម៣០០ម៉ែត្រការ៉េ រហូតមកដល់ពេលបច្ចុប្បន្ននេះមានទំហំ៦០០ម៉ែត្រការ៉េ តាមរយៈការកាត់ដីពីខេត្តនៅជុំវិញ
* សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា ការរីកចម្រើននៅពេលបច្ចុប្បន្ននេះ មិនទាន់គ្រប់គ្រាន់នោះទេ ពោលត្រូវតែគៀងគរអ្នកវិនិយោគមកបន្ថែមទៀត ព្រោះកម្ពុជាមានសុខសន្ដិភាព
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពខ្លាំងណាស់ ដែលមានវត្តមានចំនួន៤ដងចូលក្នុងអគារវឌ្ឍនៈនេះ ព្រោះពោរពេញទៅសម្ភារៈទំនើបៗ និងមានតម្លៃថ្លៃៗ
* សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល លើកឡើងថា កម្ពុជានឹងក្លាយជាកន្លែងមួយដែលទាក់ទាញទេសចរណ៍ ព្រោះអាចឲ្យភ្ញៀវទេសចរទិញសម្ភារទំនើបៗបាននៅទីនេះ
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការប្រើប្រាស់សម្ភារទំនើបៗ និងពិសារអាហារថ្លៃៗ គឺជារឿងធម្មតាតែប៉ុណ្ណោះ ដែលជាកត្ដាចាំបាច់សម្រាប់មនុស្ស
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសន្ទរកថា នៅវេលាម៉ោង០៦៖៣៦នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈ Fresh News.