(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង ចំនួន៤២នាក់ ចុះពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំការផ្តាំផ្ញើរសាកសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋ នៅឃុំស្តៅទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខ រួមទុក្ខជាមួយបងប្អូន និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពិសេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ បណ្តាញទឹក និងភ្លើង រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ។
លោកអភិបាលខេត្ត បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំបង្កបង្កើនផល បញ្ជូនកូនទៅសាលារៀន និងថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសទៅពិនិត្យ និងព្យាបាលជំងឺជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលលោកបានដឹកនាំមកនាថ្ងៃនេះ។
លោក ម៉ុម សារឿន បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំខានឲ្យសោះ ពិសេសគឺបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើន ពោរពេញដោយសុខសន្តិភាពបន្តទៀត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំង៤៥៧នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួនមួយ៕