(ភ្នំពេញ)៖ ថ្ងៃបោះឆ្នោត ២៩ កក្កដា ឆ្នាំ ២០១៨ កាន់តែខិតចូលមកដល់។ រូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរជាច្រើនទៀតបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីចេញទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយមួយក្នុងចំណោម ២០ បក្សដែលចូលរួមប្រកួត។ គណបក្សច្រើនអាចជាការ លំបាកក្នុងការសម្រេចចិត្ត ប៉ុន្តែអ្វីដែលសំខាន់គឺយើងទាំងអស់គ្នាបានប្រើសិទ្ធិតាមបែបប្រជាធិបតេយ្យ ដើម្បីជ្រើសរើសមេដឹកនាំព្រោះជាសិទ្ធិដ៏សំខាន់ដែលយើងមិនគួររំលងឡើយ។
សម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋខ្មែរ ម្នាក់ ទៅបោះឆ្នោតជារឿងសំខាន់ពីព្រោះការបោះឆ្នោតគឺដើម្បីខ្លួនខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំ។ ដើម្បីខ្លួនខ្ញុំមានន័យថា ការបោះឆ្នោតនេះគឺខ្ញុំជ្រើសរើសយកគណបក្សណាដែលអាចធានាស្ថានភាពការងារ និងប្រាក់ចំណូលរបស់ខ្ញុំឲ្យមានលំនឹងឬអាចរីកចម្រើនទៅមុខថែមទៀត។ មកដល់ត្រឹមនេះ ខ្ញុំនឹកភ្នងភ្លាមដល់ថ្ងៃ ១៧ មេសា ១៩៧៥ ដែលអ្វីៗត្រូវក្រឡាប់ចាក់ទាំងស្រុង។ ការងារ និងប្រាក់ចំណូលរបស់ខ្ញុំត្រូវបាត់បង់។
រូបខ្ញុំត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដែលធ្លាប់ជាទ្រនំដ៏សុខសាន្ត។ គ្រួសារខ្ញុំដែលធ្លាប់តែជួបជុំស្រាប់តែត្រូវព្រាត់ប្រាស់គ្នា ឪពុកព្រាត់កូន ជីដូនព្រាត់ចៅ ប្តីព្រាត់ប្រពន្ធ។ ប្រទេសរបស់ខ្ញុំស្រាប់តែធ្លាក់ក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ សម្លាប់ជាតិឯងយ៉ាងសាហាវ..... ខ្ញុំពិតជាមិនចង់ឃើញស្ថានភាព បែបនេះកើតមានជាថ្មីទេ។ ដូច្នេះ សន្លឹកឆ្នោតមួយសន្លឹករបស់ខ្ញុំពិតជាមានអត្ថន័យធំធេងដើម្បីរក្សាស្ថានភាពដែលរូបខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំកំពុងមាន បច្ចុប្បន្ន ក៏ដូចជាជំរុញ ការរីកចម្រើនទៅមុខបន្ថែមទៀត។
ខ្ញុំក៏បានលឺការអំពាវនាវរបស់អ្នកនយោបាយមួយចំនួនថា កុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដាខាងមុខ។ ខ្ញុំដូចជាមិនយល់ទេ! នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោតគឺជាយន្តការសំខាន់ចាំបាច់តែមួយគត់ដើម្បីជ្រើសរើស មេដឹកនាំ ប៉ុន្តែ អ្នកនយោបាយ មួយចំនួននោះដែលអះអាងថា ជាអ្នកប្រជាធិបតេយ្យ បែរជាអំពាវនាវកុំឲ្យពលរដ្ឋអនុវត្តាមគោលការណ៍គ្រឹះនៃ លទ្ធិប្រជាធិបតេយ្យទៅវិញ។ បើយើងមិនទៅបោះឆ្នោត សួរថា តើយើងអាចជ្រើសរើស មេដឹកនាំយ៉ាងដូចម្តេច? ឬក៏ពួកគេចង់ប្រើរបៀបផ្លាស់ប្តូរប្រទេសក្រៅប្រព័ន្ធបោះឆ្នោតដូចកាលពីអតីតកាលទៀត? ប្រសិនបើដូច្នេះមែន គ្រោះថ្នាក់ធំដូចថ្ងៃ ១៧ មេសា ១៩៧៥ ដែលខ្ញុំបានលើកឡើងខាងដើមនឹងកើតមានឡើង ជាថ្មីជាក់ជាមិនខាន។
ម្យ៉ាងទៀត ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ មិនមែនជាការបោះឆ្នោតក្លែងក្លាយ ឬបោះឆ្នោតឯកបក្សដូចពាក្យឃោសនាអកុសលនោះឡើយ។ មានគណបក្សនយោបាយដល់ទៅ ២០ នឹងចូលរួមប្រកួតប្រជែងក្នុងនោះ ក៏មានគណបក្សមួយចំនួនកើត ចេញពីការបែកបាក់ផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិផងដែរ។ នេះមានន័យថា អវត្តមានគណបក្សសង្គ្រោះជាតិមិនមែនជាឧបសគ្គដល់ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទេ។ ផ្ទុយទៅវិញ បាត់គណបក្សមួយ កើតគណបក្សថ្មី ១០ តើមានអ្វីមិនល្អ? ហេតុអ្វីបានជាអ្នកនយោបាយមួយក្តាប់តូច នោះនៅតែមានទស្សនៈចង្អៀតចង្អល់អាត្មានិយម ដោយចាត់ទុកខ្លួនឯងជាជើងឯងរហូត ដូច្នេះ? បើខ្លួនជាជើងឯកមែន ហេតុអ្វីធ្វើនយោបាយ ជាង ២០ ឆ្នាំ ចាញ់រហូតបែបនេះ? ទស្សនៈអាត្មានិយម តួឯកនិយមរហូត ដល់ថ្នាក់យកប្រជាធិបតេយ្យរបស់ប្រទេសទាំងមូលទៅធ្វើជាចំណាប់ខ្មាំងនយោបាយ ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន គឺជាកំហុសឆ្គងធ្ងន់ធ្ងរណាស់ របស់អ្នកនយោបាយទាំងនោះ។ សម័យនេះទៅហើយ ពួកគេគួរចេះបើកចិត្ត បើកភ្នែក បើក បេះដូង ទទួលស្គាល់ការពិត ដោយមិនត្រូវបណ្តោយខ្លួនឲ្យស្ថិតក្នុងសភាពមោបាំង ជញ្ជាំងបិទ ងងឹតសូន្យឈឹងបែបនេះទេ? ទស្សនៈអាត្មានិយម តួឯកនិយម និងចង្អៀតចង្អល់និយមមិនទទួលស្គាល់ ការពិតបែបនេះ ហើយដែលជាកត្តាកំណត់នូវបរាជ័យក្នុងអាជីពនយោបាយរបស់ពួកគេ ហើយក៏ជាឧបសគ្គធំធេងដល់ការកសាងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ និងការស្តារ កិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
ក្រឡានយោបាយរបស់លោក សម រង្ស៊ី និងបក្សពួករបស់គាត់ សព្វថ្ងៃនេះគឺឈរលើទស្សនៈ «បើមិនបានអញ អ្នកណាក៏មិនបានដែរ» ពោលគឺ បើខ្លួនមិនឈ្នះឆ្នោតកាន់អំណាចទេ គឺត្រូវតែនិន្នា ឈ្នានិះ បំផ្លាញអ្នកដទៃមិនឲ្យបានសុខឡើយ។ ជាក់ស្តែង នៅពេលដែលពួកគេមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសារតែកំហុសក្បត់ជាតិ ហើយត្រូវតុលាការកំពូលរំលាយចោលនោះ លោក សម រង្ស៊ី ដែលរឹតរួតដោយទោសកំហុសជាប់ខ្លួនជាច្រើនករណីកំពុងព្យាយាមបំផ្លាញការបោះឆ្នោតដោយប្រើប្រាស់គ្រប់វិធី។ នៅលើឆាកអន្តរជាតិ ពួកគេបាន ដើរសំអុយពីប្រទេសរបស់ខ្លួនគ្រប់បែបយ៉ាងដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឲ្យគាំទ្រក្រុម របស់គេ។ នៅក្នុងប្រទេស លោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចបានបង្កវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យការបោះឆ្នោតជួបឧបសគ្គ រាប់ទាំងការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតទោះជាទង្វើរបស់ពួកគេផ្ទុយពីច្បាប់នឹងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យក៏ដោយ។ នេះគឺជានយោបាយដ៏គ្រោះថ្នាក់រកទីបំផុតគ្មានរបស់ សម រង្ស៊ី « Sam Rainsy Politics is bringing Misfortune to Cambodia» ។ ហើយនេះគឺពិតជាស្រមោលនៃ នយោបាយរបស់ពួកខ្មែរក្រហម សុទ្ធសាធ។ ប្រសិនបើពួកគេឈ្នះបានឡើងកាន់អំណាចវិញ ការសងសឹកដ៏អាក្រក់នឹងកើតមានពេញផ្ទៃប្រទេស។
លោក សម រង្ស៊ី និងក្រុមងុបងល់ផ្កាប់មុខតាមគាត់មួយចំនួនចាត់ទុកអ្នកមាន និង អ្នកកាន់អំណាចបច្ចុប្ប ព្រមទាំងអ្នកដែល មានទស្សនៈផ្ទុយពីខ្លួនថាជា សត្រូវដែលត្រូវកម្ចាត់ចោល។ តើនេះមិនមែនជានយោបាយរបស់ ប៉ុល ពត ទេឬ?
ដូច្នេះ យើងជាប្រជាពលរដ្ឋខ្មែរដែលមានបទពិសោធន៍គ្រប់គ្រាន់ និងមានការយល់ដឹងពីបញ្ហានយោបាយសមល្មម ឈប់ចាញ់បោកអ្នកនយោបាយអាត្មានិយម និងអញនិយម បែបនេះតទៅទៀតហើយ។ យើងទាំងអស់គ្នានាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ដើម្បីជ្រើសរើស មេដឹកនាំដែលយើងទុកចិត្តក្នុងការរក្សាស្ថិរភាពនៃការងារ ស្ថានភាពគ្រួសារ និងលំនឹងរបស់ប្រទេសជាតិ ឬជ្រើសរើសគណបក្សណាដែលមានគោលនយោបាយទន់ភ្លន់ មិនបង្កអរិភាព និងមិនបង្កគ្រោះថ្នាក់ ដល់ខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើង៕
ដោយ៖ សាស្ត្រាចារ្យ
វិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម