(ភ្នំពេញ)៖ សៀវភៅរឿង «មហាភារតៈ» ដ៏ល្បីល្បាញលំដាប់ទី២ បន្ទាប់ពីសៀវភៅរឿង «រាមកេរ្តិ៍» នៅក្នុងប្រទេសឥណ្ឌារាប់សិបឆ្នាំមកហើយ ខាងផ្នែកការអប់រំ មហាព្យាកាព្យ វិធីសាស្រ្ត នៃការដឹកនាំប្រទេស យុទ្ធសាស្រ្តធ្វើសង្រ្គាម និងយុទ្ធវិធីផ្សះផ្សារជាតិជាដើមនោះ ឥឡូវនេះ ត្រូវបានបកប្រែជាភាសារខ្មែរ និងបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងពិធីបើកសម្ពោធសៀវភៅ «មហាភារតៈ» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហង់ ជួនណារ៉ុន បានថ្លែងឱ្យដឹងថា សៀវភៅ មហាភារតៈនេះ មានប្រវត្តិសាស្រ្តយូអង្វែងណាស់មកហើយ ពោលគឺមានវត្តមានក្នុងប្រទេសកម្ពុជា តាំងតែពីមុនសម័យអង្គរមកម្ល៉េះ នៅពេលនេះ ត្រូវបានបកប្រែពីភាសារអង់គ្លេស មកជាភាសារខ្មែរ មានកំរាស់៧០០ទំព័រ ដោយលោក ធន់ ហ៊ិន អតីតសាស្រ្តាចារ្យ ភាសាបារាំង និងធ្លាប់ជាមន្រ្តីការទូតកម្ពុជា ប្រចាំប្រទេសជាច្រើន ពិសេសប្រទេសឥណ្ឌាតែម្តង។
លោកបន្តថា សៀវភៅនេះ ក៏បានបង្ហាញ ពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងឥណ្ឌា និងកម្ពុជាតាំងពីសម័យបុរាណកាលមកម្ល៉េះ។ ប៉ុន្តែសៀវភៅនេះ មិនសូវមានប្រជាជនកម្ពុជាចាប់អារម្មណ៍ឡើយ។
យ៉ាងណា លោករដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងដែរថា រឿង«មហាភារតៈ»នេះ នៅថ្ងៃអនាគត អាចដាក់ចូលជា អក្សរសិល្បៈ ព្រាហ្មណ៍និយម មានលក្ខណៈជាអក្សរសិល្បៈបរទេស ព្រោះថារឿងនេះ ត្រូវបានបកប្រែទាំងស្រុង មិនមានលំនាំដូចរឿងរាមកេរ្តិ៍ ដែលអ្នកនិពន្ធ បានកែសម្រួល ជាកំណាព្យ និងនិពន្ធជាថ្មី តាមលំនាំខ្មែរនោះឡើយ។
លោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លើកឡើងថា សៀវភៅមហាភារតៈ គឺជាសៀវភៅអក្សសិល្បដ៏ល្បីល្បាញ នៅក្នុងប្រទេសឥណ្ឌា ហើយអាចជារឿងដែលវែងជាងគេនៅលើពិភពលោក ។ ហើយរឿងនេះ បានបង្ហាញពីការដណ្តើមអំណាចគ្នា រវាងបងប្អូន២នាក់ បង្ហាញពីយុទ្ធសាស្រ្ត សិលសាស្រ្ត ទស្សនវិជ្ជា និងការអប់រំល្អៗ ដែលត្រូវបានជនជាតិឥណ្ឌា សិក្សា និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេស អ្នកនយោបាយ នៅក្នុងប្រទេសអាស៊ីទាំងមូល បានសិក្សារៀនសូត្រពីរបៀបដឹកនាំ និងការផ្សះផ្សារជំលោះនានាផងដែរ។
លោកស្រីបញ្ជាក់ថា តាមប្រវត្តិសាស្រ្តកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាមួយគ្នា តាំងពីបុរាណកាលមក ទាំងផ្នែក ពាណិជ្ជកម្ម វប្បធម៌និងស្ថាបត្យកម្ម ក៏ដូចជាផ្នែកអក្សសិល្បផងដែរ។ រឿងនេះ បង្រៀនមនុស្សឱ្យស្អប់ភាពអយុត្តិធម៌ អំពើអាក្រក់ ការកេងប្រវ័ញ្ញ ហើយបង្រៀនឱ្យមនុស្សចេះស្រលាញ់យុត្តិធម៌។
លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអះអាងថា ក្រោយពីទទួលបានសៀវភៅនេះ នឹងយកទៅដាក់នៅដាក់ក្នុងបណ្ណាល័យ ដើម្បីឱ្យសិស្ស និស្សិតបានអាន ស្វែងយល់ពីប្រវត្តិសាស្រ្ត រវាងកម្ពុជា-ឥណ្ឌា និង ស្វែងយល់បន្ថែមទៀត ពីការអប់រំនានា ពីបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។
លោក ជេត ជាលី បានបន្ថែមថា បណ្ណាល័យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រមូលផ្តុំសៀវភៅជាច្រើន មិនថាតែអក្សរសាស្រ្តខ្មែរ នោះទេ មានទៀតអក្សរសាស្រ្តប្រទេសរងឥទ្ធិពលមួយចំនួនទៀត ដូចជាប្រទេសចិន និងប្រទេសឥណ្ឌាជាដើម។ សៀវភៅ «មហាភាតរៈ» មិនមែនគ្រាន់តែជាសៀវភៅដែលនិយាយពីរឿងរ៉ាវប្រវត្ថិសាស្រ្តរបស់បរទេស ហើយក្រៅតែជារឿងអក្សរសិល្ប៍ នៅក្នុងសៀវភៅនេះ ក៏មានខ្លឹមសារសំខាន់មួយទៀត គឺនិយាយពីការ ក្រប់គ្រងរដ្ឋ និងសីលធម៌នៃការរស់នៅសម័យនោះផងដែរ។
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា បើក្រសួងអប់រំ សម្រេចដាក់បញ្ចូនសៀវភៅនេះ ជាអក្សរសិល្ប៍បរទេស នោះសាកលវិទ្យាល័យនឹងដាក់ជូន ក្នុងកម្មវិធីសិក្សា ដើម្បីឲ្យនិស្សិត បានសិក្សា និងស្វែងយល់បន្ថែមទៀត។
លោក ធន់ ហ៊ិន ជាអ្នកបកប្រែសៀវភៅ មហាភារតៈ បានបញ្ជាក់ថា ក្រោយពីបានទៅបំពេញការងារនៅប្រទេសឥណ្ឌា លោកបានជួបសៀវភៅដើម ដែលសរសេរជាភាសាអង់គ្លេស លោកបានអានចប់ជាច្រើនសារ ហើយបានដឹងពីអត្ថន័យ និងអត្ថរស់ នៅក្នុងសៀវភៅនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់អប់រំមនុស្ស អំពី សុជីវធម៌ ការអប់រំ ការគ្រប់គ្រងប្រទេស ការធ្វើទំនាក់ទំនង រវាងមនុស្សនៅក្នុងសង្គម ទើបលោកសម្រេចចិត្ត ចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីបកប្រែនិងបោះពុម្ពសៀវភៅនេះជាភាសាខ្មែរ ហើយបើកសម្ពោធនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក ធន់ ហ៊ិន ជាអ្នកបកប្រែសៀវភៅ មហាភារតៈរូបនេះ មានវ័យកាន់តែចំណាស់ទៅហើយ លោកបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត យ៉ាងច្រើន ដើម្បីរៀបចំឯកសារជាភាសាខ្មែរ ដោយក្នុងនោះរួមមានសៀវភៅ រាមាយណៈ សៀវភៅរាជស័ព្ទខ្មែរ សៀវភៅវេយ្យាករណ៍ខ្មែរ សៀវភៅអភិសមាចារ សៀវភៅរឿងមហាភាតរៈ និងសៀវភៅផ្សេងៗទៀត៕