(ភ្នំពេញ)៖ គ.ជ.ប បានឲ្យដឹងថា ដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀងរបស់គណបក្សនយោបាយនៅលើសន្លឹកឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
បើតាម គ.ជ.ប ដំណើរការចាប់លេខរៀងនេះ នឹងធ្វើឡើងនៅសាលប្រជុំអគារ «S» ក្រសួងមហាផ្ទៃ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ដែលការចាប់លេខរៀងលើសន្លឹកឆ្នោត ដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ គ្រប់ទាំង២០គណបក្ស៕