(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា សហរដ្ឋអាមេរិកមិនបានបង្ហាញពីរូបភាព ថតដោយផ្កាយរណបទាក់ទិននឹងជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដូចដែលខ្លួនអះអាងថា មាននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅលើគេហទំព័រក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកធ្លាប់អះអាងថា ខ្លួនមានរូបភាពថតជាប់ដោយផ្កាយរណប ពាក់ព័ន្ធនឹង MH17 ប៉ុន្តែសហរដ្ឋអាមេរិកមិនបានបញ្ចេញរូបភាពទាំងនេះ ដូចដែល ខ្លួនធ្លាប់បានប្រកាសបន្ទាប់ពីគ្រោះមហន្តរាយនេះឡើយ»។
MH17 បានធ្លាក់នៅឯភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដោយផ្ដាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់ ២៩៨នាក់ ក្នុងនោះអ្នកដំណើរភាគច្រើនជាហូឡង់ ម៉ាឡេស៊ី និងអូស្រ្ដាលី។ ចំណែក ឯក្រុមអ្នកជំនាញជាច្រើន ធ្លាប់បានសន្មត់ថា យន្ដហោះនេះត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមបំបែករដ្ឋ នៅឯភាគខាងកើតប្រទេស អ៊ុយក្រែន ដែលគំាទ្រដោយរុស្ស៊ី។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងការបរទេសរុស្ស៊ី ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលការសន្និដ្ឋានរបស់ក្រុម អ្នកស៊ើបអង្កេតអន្តរជាតិដឹកនាំដោយប្រទេសហូឡង់ ដែលថាមីស៊ីលដែលត្រូវបានគេប្រើប្រាស់ដើម្បីបាញ់ទម្លាក់ MH17 គឺមានប្រភពមកពី យោធារុស្ស៊ី៕