(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ «វឌ្ឍនៈកាពីតាល» ឬហៅថា អគារ «ចក្កវាឡចម្លែក» (Vattanac Capital) ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អគារវឌ្ឍនៈថោវើ មានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់សរុប១៨៦ម៉ែត្រ គឺជាអគារពាណិជ្ជកម្មដ៏ទំនើបមួយនៅក្នុងប្រទេសកម្ពុជា ប្រមូលផ្តុំទៅដោយសេវាកម្មចម្រុះជាច្រើន ដូចជា ទីតាំងសម្រាប់ប្រើប្រាស់ធ្វើជាការិយាល័យធ្វើការ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ព្រមទាំងមានហាងលក់ទំនិញដែលមានម៉ាកល្បីៗ លំដាប់អន្តរជាតិថែមទៀតផង។
អគារនេះ ត្រូវបានបែងចែកជាបីផ្នែក គឺចាប់ពីចាន់ក្រោមដី និងផ្នែកខ្លះនៃជាន់ទី១ គឺជាផ្សារទំនើប ចំណែកជាប់ពីជាន់ទី១ ដល់ជាន់ទី២ គឺជាការិយាល័យកណ្តាលរបស់ធនាគារវឌ្ឍនៈ។ ចាប់ពីជាន់ទី៣ ដល់ជាន់ទី២៣ ជាទីតាំងអគារការិយាល័យជួល និងចាប់ពីជាន់ទី២៥ ដល់ជាន់ទី៣៩ គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ Rosewood ដែលបានជួលដោយក្រុមហ៊ុន Rosewood មកពីសហរដ្ឋអាមេរិក។
វឌ្ឍនៈថោវើ មានជណ្តើរយន្តចំនួន៣១ ដោយអ្នកធ្វើដំណើរឡើងចុះក្នុងអគារនេះ ចំណាយពេលរង់ចាំមិនដល់ ៣០នាទីនោះទេ នៅក្នុងម៉ោងចូលធ្វើការដ៏មមាញឹក ខណៈដែលអគារធំៗ ក្នុងរាជធានីភ្នំពេញមានជណ្តើរយន្តពី ៦ទៅ៨ខ្សែតែប៉ុណ្ណោះ។
អគារវឌ្ឍនៈនេះ ធ្លាប់បានទទួលវិញ្ញាបនបត្រពីសហរដ្ឋអាមេរិក ជាប្រភេទសំណង់ដែលសាងសង់ឡើងដោយមិនប៉ះពាល់ទៅដល់បរិស្ថាន ពោលគឺជាប្រភេទអគារពណ៌បៃតង ដែលបំពាក់ដោយប្រព័ន្ធសវុត្ថិភាព មានផាសុកភាព និងបរិស្ថានល្អផងដែរ។
លោក សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈប្របភើធី លីមីតធីត ធ្លាប់បានឲ្យដឹងថា គម្រោងសាងសង់អគារនេះចំណាយថវិកាប្រមា ២៥០លានដុល្លារអាមេរិក។
កម្ពុជាក្រោយពេលបានបិទបញ្ចប់ភ្លើងសង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨មកនោះ សន្ទុះសេដ្ឋកិច្ចបានកើនឡើងខ្លាំង។ ឆ្លើយតបកំណើនសេដ្ឋកិច្ចនេះ សំណង់អគារសម្រាប់ការរស់នៅ អគារពាណិជ្ជកម្មបានកើតមានច្រើន ហើយអគារដែលមានកម្ពស់ខ្ពស់ៗ ក៏កើតមានច្រើនផងដែរ។
របាយការណ៍ប្រចាំឆ្នាំ២០១៧ ដែលបានចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) បង្ហាញថា តម្លៃសរុបនៃគម្រោងសាងសង់ ដែលបានអនុម័ត បានកើនឡើងដល់ ៦.៤២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ពោលគឺកើនឡើង ២២.៣ភាគរយ ធៀបនឹងឆ្នាំ២០១៦។
តាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្លាប់បានបង្ហាញថា រយៈពេល១៥ឆ្នាំកន្លងមកនេះ នៅទូទាំងប្រទេសកម្ពុជា ទាំងមូលមានវត្តមានសំណង់អគារខ្ពស់ថ្មីៗ កម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួនដល់ទៅ ៩៨៥អគារ។ ក្នុងចំណោមអគារទាំងនេះ គ្រាន់តែនៅរាជធានីភ្នំពេញ មានអាគារកម្ពស់ពី ៥ជាន់ឡើង រហូតដល់ទៅជាង ៦០០អគារ ស្មើនឹងជាង៦០% នៅទូទាំងប្រទេស។
បើធ្វើការប្រៀបធៀបឆ្នាំ ២០១៦ ចំនួនអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ បានកើនឡើងជាង ១០០អគារបន្ថែមក្នុងឆ្នាំ២០១៧៕