(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយអំពីច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខការពារការិយាល័យបោះឆ្នោត។
កិច្ចប្រជុំដែលបានធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានការចូលរួមពីនាយ-នាយរងនគរបាលចំនួន១៣២នាក់ និងកម្លាំងប្រជាការពារ២៤នាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំកម្លាំងសមត្ថកិច្ចដែលមានតួនាទីភារកិច្ចការពារ ការបោះឆ្នោត ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់បកស្រាយរបស់គ្រូបង្គោល អំពីច្បាប់បទបញ្ជានីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខ ការពារ ការិយាល័យបោះឆ្នោត ក្នុងនោះត្រូវយល់ដឹងអំពីសិទ្ធិតួនាទីនិងភារកិច្ចរបស់ខ្លួន ត្រូវមានវិន័យសីលធម៌ល្អ។
លោកស្នងការ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះមានសារៈសំខាន់ណាស់ ដូចនេះមិនអនុញ្ញាតឲ្យក្រុម ឬជនណាមកអុកឡុក រារាំង គំរាមកំហែង បំភិតបំភ័យដល់ប្រជាពលរដ្ឋ បំផ្លាញដល់ការបោះឆ្នោតជាដាច់ខាត៕