(ព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបង្កឡើងដោយរថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន បានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ៣នាក់ រងរបួសធ្ងន់ ក្នុងនោះមានកុមារម្នាក់ផងដែរ ករណីនេះស្ថិតនៅចំណុចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ ឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាថ្ងៃទី២៥ ខែឧសភាម្សិលមិញ បង្កឡើងដោយបុរសជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាក LEXUS RX 300 ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AR-1640 ធ្វើដំណើរឆ្ពោះទៅរាជធានីភ្នំពេញ។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយ ម៉ូតូមួយគ្រឿង ម៉ាក SUZUKI Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1D-0105 ជិះគ្នា៣នាក់ ដែលធ្វើដំណើរស្របទិសគ្នា។
សមត្ថកិច្ចដដែល បានបន្តថា ជនជាតិចិនដែលបង្កហេតុមានឈ្មោះ ឈ្មោះ YI SAONG AON ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (បញ្ជាក់អ្នកបើកបររថយន្តជនជាតិចិន គ្មានបណ្ណបើកបរទេ) រីឯជនរងគ្រោះទាំង៣នាក់ រួមមាន៖ ឈ្មោះ សោម ឃឿន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍, ប្រពន្ធឈ្មោះ ឃួន លុន អាយុ៥៨ឆ្នាំ និងក្មេងប្រុសឈ្មោះឃឿន ចាន់លាភ អាយុ០៥ខែ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្តីរបង្អែកង្អែកខេត្តព្រះសីហនុ។ ចំណែកអ្នកបើកបររថយន្តជនជាតិចិន បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីច្បាប់។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕