(កំពង់ធំ)៖ សមិទ្ធផលជាច្រើន ដែលបានចំណាយថវិកា សាងសង់អស់ទឹកប្រាក់ប្រមាណ១៨ម៉ឺនដុល្លារអាមេរិក សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ស្ថិតនៅក្នុងវត្តទួលដំណាក់ថ្មី ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រារព្ធពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងឧបដ្ឋានសាលា និងដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ធំ។ 

លោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកបារាយណ៍ បានអានសន្ទរកថាស្វាគមន៍ និងរបាយការណ៍ សាងសង់សមិទ្ធិផលនានា វត្តទួលដំណាក់ថ្មីនេះ ដោយមានការផ្តួចផ្តើមចូលរួមយ៉ាងសកម្ម របស់លោក ងួន ញ៉ិល ព្រមទាំងពុទ្ធិបរិស័ទ្ធក្នុងប្រទេស និងក្រៅប្រទេសផងនោះ បានចូលរួមកសាងសមិទ្ធផលជាច្រើនរួមមាន កុដិធំ កុដិតូច បន្ទប់អនាម័យចំនួន១០បន្ទប់ និងកសាងសាលាឆាន់ ទំហំ៣៧មគុណនឹង១៧ម សរុបទឹកប្រាក់ទាំងអស់ចំនួន១៨ម៉ឺនដុល្លារអាមេរិក។

លោក ងួន ញ៉ិល បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធដ៏ស្កឹមស្កៃ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលលេចជារូបរាងនាឱកាសនេះ បានបង្ហាញពីការរីកចម្រើនវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកម្លាំងចលករ ដឹកនាំក្រមចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូបដើរតាមផ្លូវល្អ ធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនា បានចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់មនុស្សឲ្យចេះស្គាល់ខុស ស្គាល់ត្រូវ ចេះសាមគ្គីភាព រួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថិរភាព ដើម្បីលើកស្ទួយការកសាងជាតិឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍ ប្រជាពលរដ្ឋបានថ្កុំថ្កើនរុងរឿងសំបូរសប្បាយផងដែរ។

លោក ងួន ញិល ក៏បានជំរុញឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ក្នុងការបំពេញកាតពកិច្ច និងប្រើប្រាស់សិទ្ធិជាប្រជាពលរដ្ឋ ក៏ដូចជាការគិតអំពីជោគវាសនារបស់ខ្លួន និងប្រទេសជាតិផងដែរ ហើយចំពោះអ្នកដែលរារាំង មិនឲ្យប្រជាជនទៅបោះឆ្នោត គឺជាអំពើខុសច្បាប់ និងត្រូវអនុវត្តន៍ការដាក់ទោសទណ្ឌទៀតផង។

ចុងបញ្ចប់នៃពិធី លោកបានបំពាក់គ្រឿងឥស្សរិយសមេដាយស្ថាបនាជាតិ ប្រគេន ចែកជូនថវិកា និងសម្ភារៈចំពោះព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ព្រមទាំងអញ្ជើញកាត់ខ្សែបូរណ៌សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានាក្នុងឱកាសនោះផងដែរ៕