Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO៖ អ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stroke) មាន១៥លាននាក់ក្នុងមួយឆ្នាំ, មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ រាប់រងទទួលព្យាបាលជំងឺនេះនៅកម្ពុជា (Video inside)

26-05-2018 14:00

(ភ្នំពេញ)៖ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា អត្រាប្រជាជនពិភពលោក ដែលស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stoke) មានរហូតដល់ទៅ១៥លាននាក់ក្នុងមួយឆ្នាំៗ រហូតមានប្រទេសខ្លះជំងឺ Stoke ជាឃាតកធំទី៣ ដែលបានសម្លាប់ប្រជាជនរបស់ខ្លួន។

សម្រាប់ប្រទេសកម្ពុជា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនេះ ក៏កំពុងចោទជាបញ្ហាគួរឲ្យកត់សម្គាល់មួយដែរ ខណៈរបាយការណ៍ជាក់លាក់អំពីអត្រាកើតជំងឺនេះ មិនទាន់កំណត់បាននៅឡើយ រីឯនៅប្រទេសថៃបានរកឃើញថា ជំងឺដ៏កាចសាហាវនេះជាឃាតកសម្លាប់មនុស្សទី៣។

ដោយសារសង្កេតឃើញថា​ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬ Stoke នេះ កំពុងចោទជាបញ្ហាខ្លាំងគួរកត់សម្គាល់ដែរនោះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ប្រកាសទទួលពិនិត្យ និងព្យាបាលជំងឺ Stoke ជូនប្រជាពលរដ្ឋកម្ពុជាជាផ្លូវការ ដើម្បីរួមចំណែកកាត់បន្ថយអត្រានៃការរងគ្រោះ និងរួមចំណែកថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋផងដែរ ដែលមានលោកវេជ្ជបណ្ឌិត ចាន់ផុង តាំងកាណាគុល ឯកទេសផ្នែកប្រព័ន្ធប្រសាទមកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ និងលោកស្រីវេជ្ជបណ្ឌិត ហុក តុលា ឯកទេសផ្នែកប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផ្ទាល់តែម្ដង។

លោកវេជ្ជបណ្ឌិត ណារិនតារ៉ា ប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានឲ្យដឹងថា ចំពោះអ្នកដែលកើតជំងឺ Stoke មានពេលវេលាតែ១ម៉ោង ឬ២ម៉ោងទេ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ម្ល៉ោះហើយក្រុមគ្រួសារ ក៏ដូចជាអ្នកជំងឺផ្ទាល់ចាំបាច់ត្រូវយល់ដឹងពីជំងឺ Stoke នេះឲ្យបានច្បាស់លាស់។ ដូច្នេះហើយបានជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ អញ្ជើញលោកវេជ្ជបណ្ឌិត ចាន់ផុង តាំងកាណាគុល ដែលជាអ្នកជំនាញផ្នែក Stoke ពីមន្ទីរពេទ្យបាងកកតែម្ដង មករួមការងារជាមួយលោកស្រីវេជ្ជបណ្ឌិត ហុក តុលា ដែលមានជំនាញផ្នែក Stoke ដែរ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតែម្ដង ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវតាមស្ដង់ដារ។

លោក ណារិនតារ៉ា បានបន្តថា នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏មានការពិភាក្សាតាមប្រព័ន្ធសន្ទនាតាមអ៊ីធឺរណេត ជាមួយក្រុមគ្រូពេទ្យឯកទេស ឬវេជ្ជបណ្ឌិតឯកនៅមន្ទីរពេទ្យបាងកកបានផងដែរ។

លោកវេជ្ជបណ្ឌិត ចាន់ផុង តាំងកាណាគុល បានប្ដេជ្ញាថា វត្តមានរបស់លោកនៅប្រទេសកម្ពុជា គឺធ្វើយ៉ាងណាផ្ដល់ការព្យាបាលជំងឺ Stoke ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់ច្រើន ស្របតាមបទដ្ឋានសុខាភិបាលតែមួយជាមួយមន្ទីរពេទ្យដ៏ល្បីល្បាញនៅប្រទេសថៃ គឺមន្ទីរពេទ្យបាងកក។

លោកបានណែនាំទៅកាន់ប្រជាពលរដ្ឋទូទៅថា ថ្វីដ្បិតជំងឺ Stoke ជាជំងឺកាច់សាហាវមួយ ក៏ប៉ុន្តែវាក៏មានវិធីបង្ការបានដែរ ដើម្បីកាត់បន្ថយជំងឺ Stoke គឺមានការយល់ដឹងពីការថែទាំងសុខភាពកម្រិតបឋមទេ ដូចជាការហាត់ប្រាណ ការបរិភោគចំណីអាហារឲ្យបានទៀងទាត់ ពិសេសគឺការពិនិត្យសុខភាពឲ្យបានទៀងទាត់។

លោកស្រីវេជ្ជបណ្ឌិត ហុក តុលា បានឲ្យដឹងថា ចំពោះជំងឺឆ្លងនៅប្រទេសកម្ពុជា គឺបានកាត់បន្ថយបានច្រើនហើយ ដូចជាជំងឺថ្លើម របេង គ្រុនចាញ់ គ្រុនឈាមជាដើម ប៉ុន្តែជំងឺមិនឆ្លង ដូចជាជំងឺលើសឈាម ទឹកនោមផ្អែម លើសខ្លាញ់ ជំងឺ Stoke នេះ គឺកំពុងតែកើនឡើងខ្លាំង។ លោកស្រីបន្តថា ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីជំងឺទាំងអស់នេះ នៅមានកម្រិតនៅឡើយ។

លោកស្រី ហុក តុលា បានបន្តទៀតថា ភាគច្រើននៃជំងឺ Stoke នេះ គឺតែងកើតលើប្រជាពលរដ្ឋដែលមានអាយុ ៦៥ឆ្នាំឡើង។ ក្រៅពីនេះ បញ្ហាធាត់ ការបរិភោគចំណីអាហារមិនត្រឹមត្រូវតាមរបបអាហារ ក៏ជាបញ្ហាប្រឈមផងដែរ។

ប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោក ណារិនតារ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួសរាន់មកពិនិត្យ និងព្យាបាលជំងឺ Stoke ក៏ដូចជាជំងឺផ្សេងៗទៀត នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ពីព្រោះមន្ទីរពេទ្យដែលឈានមុខគេនៅកម្ពុជានេះ មានក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតឯកទេសជំនាញៗពោរពេញដោយបទពិសោធន៍ និងព្យាបាលស្របតាមស្ដង់ដារតែមួយជាមួយមន្ទីរពេទ្យបាងកក នៃប្រទេសថៃ ដែលជាមន្ទីរដ៏ល្បីល្បាញមួយនៅតំបន់អាស៊ីអាគ្នេយ៍៕