(កំពង់ឆ្នាំង)៖ ចាស់ជរាចំនួន២០០នាក់ នៅភូមិកោះប៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ បាននាំយកអំណោយជាច្រើនពីលោកស្រី ទាវ ធីតា អនុប្រធានគណៈ ពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ ស្ទឹងមានជ័យទី២ និងជាភរិយា លោកឧកញ៉ា ថោង សារ៉ាត់។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនាពេលនោះ លោកស្រី ទាវ ធីតា បានលើកឡើងថា ដោយមើលឃើញពីភាពលំបាក របស់ប្រជាពលរដ្ឋដែលដល់ វ័យចាសជរា និងដើម្បីជួយសម្រួលដល់តម្រូវការ ចាំបាច់ ទើបលោកស្រី សម្រេចចិត្តពាំនាំអំណោយទាំងនេះចែកជូនដល់ ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ ការលំបាកបានមួយគ្រា។
លោកស្រី បានបន្តថា ទោះបីជាអំណោយទាំងនេះ មានលក្ខណៈតិចតួចស្ដួចស្ដើងក្ដីប៉ុន្តែក៏អាចជួយ រំលែកការលំបាករបស់ប្រជាពលរដ្ឋ បានមួយកម្រិតដែរ និងម្យ៉ាងទៀតជាការបង្ហាញនូវសន្តានចិត្ត សប្បុរសធម៌ របស់លោកស្រី ផ្តល់ជូនដល់ប្រជាពលរដ្ឋ ដើម្បីចែករំលែក ព្រមទាំងបង្ហាញនូវវប្បធម៌ ជួយគ្នាទៅវិញទៅមករបស់សង្គមខ្មែរផង។
បន្ទាប់ពីបញ្ចប់មតិសំណេះសំណាលសួរសុខទុក្ខ លោកស្រី ទាវ ធីតា បានជូនអំណោយជូន ចាស់ជរាចំនួន២០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានក្រមារ១ កន្សែងពណ៌សសម្រាប់ពានាលើស្មា១ ថ្នាំពេទ្យ និងថវិកាមួយចំនួន ។ ក្រៅពីនោះ លោកស្រី ទាវ ធីតា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមទៀតចំនួន១,២០០,០០០រៀល ជូនដល់ប្រការការពារនៅភូមិកោះប៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង សម្រាប់ទិញសំភារៈប្រើប្រាស់ ក្នុងការបំពេញការងារមួយចំនួនទៀតផងដែរ។
ជាមួយគ្នានោះ លោកមេភូមិកោះប៉ូវ តំណាងឲ្យប្រជាពលរដ្ឋទាំង២០០នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រី ដែលបានបង្ហាញ ពីទឹកចិត្តសប្បុរសធម៌ជួយដល់ចាស់ជរា គ្មានទីពឹងនិងប្រជាពលរដ្ឋជាច្រើនទៀត ។ ជាមួយគ្នានេះប្រជា ពលរដ្ឋបានជូនពរឲ្យលោកស្រី និងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល ប្រកបកិច្ចការងារ ទទួលបានជោគជ័យ សូមឲ្យទេវតាតាមថែរក្សា និងសូមឲ្យជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕