(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញបញ្ចុះខ័ណ្ឌសីម៉ា សម្ពោធសមិទ្ធផលនានា ក្នុងវត្តនិមិត្តសុធីរាម (កូនដំរី) និងបានសំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ សិស្សនុសិស្សជាង៥,៦០០នាក់ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន, សម្ដេចចក្រីហេង សំរិន, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង។
បើតាម លោក កែ គឹមយ៉ាន ប្រជាពលរដ្ឋសុខសាន្តលើទ្រនំក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងពោរពេញដោយការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រដែលវិស័យទាំងពីរនេះ ត្រូវតែដើរព្រមគ្នាប្រៀបដូចជា កង់ពីរដែលមិនអាចខ្វះគ្នាបាន បើអាណាចក្រដួលរលំហើយនោះពុទ្ធចក្រ ក៏មិនអាចឈរបានដូចអ្វីដែលយើងទាំងអស់គ្នា បានធ្លាប់ជួបប្រទះកាលពីរបបវាលពិឃាត។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហារគ្រួសារខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានថែរក្សានូវ សុខសន្តិភាព និងសូមបន្តថែរក្សានូវសន្តិភាពអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គឺគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅគ្រប់ៗអាណត្តិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់គ្នាដើម្បីបន្តការអភិវឌ្ឍមូលដ្ឋាន។
ជាទ្រនាប់ដៃ និងសុទ្ធាជ្រះថ្លា ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកនូវបច្ច័យ ទេយ្យវត្ថុ និងអំណោយប្រគេន និងប្រគល់ជូនប្រជាពលរដ្ឋ, តាជី យាយជី, ក្រុមប្រឹក្សាសង្កាត់, ប្រជាការពារ, បុគ្គលិកពេទ្យ, ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់, យោធាកងពល៥១៣, សកម្មយុវជនសង្កាត់ភូមិ, លោកគ្រូ អ្នកគ្រូ, សិស្សកាយរិទ្ធិ, កាកបាទក្រហម, សិស្សានុសិស្ស, ជូនអង្គភាពអធិការនគរបាលក្រុងប៉ោយប៉ែត, កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត, សុខាភិបាលស្រុកប្រតិបត្តិ, ប្រគេនបច្ច័យកសាងវត្តនិមិត្តសុធីរាម, ប្រគេនបច្ច័យជូនវត្តថ្មីទូលពង្រ និងប្រគេនបច្ច័យវត្តអាងសិលា។ ជាចុងបព្ចាប់នៃកម្មវិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបំពាក់នូវគ្រឿងឥស្សរិយយសប្រគេនដល់ព្រះសង្ឃ និងសប្បុរសជនជាច្រើននាក់៕