(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្របានរីកចម្រើន ដូចបច្ចុប្បន្ននេះផ្តើមចេញពីប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ខណៈដែលលោកស្រីបានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តធន់វង្សមុន្នី ស្ថិតនៅភូមិរាមសេនា ឃុំអណ្ដូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើរសាកសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋ នៅខេត្តស្វាយរៀងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខ រួមទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជាពិសេស គឺកត្តាមនុស្ស ផ្លូវ ទឹក ភ្លើង។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបន្ថែមទៀតថា សម្តេចទាំងពីរក៏តែងតែមានឧត្តមគតិ គិតគូរចំពោះវិស័យព្រះពុទ្ធសាសនា នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាជាតិ និងដើម្បីតែព្រះពុទ្ធសាសនា។
លោកស្រីបានបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន ជាពុទ្ធសាសនិកជនមួយរូបយល់ច្បាស់មាគ៌ាព្រះពុទ្ធសាសនា សម្ដេចបានខិតខំពលីកម្មគ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិ ហើយនឹងប្ដេជ្ញាការពារសន្តិភាពដែលបានមកយ៉ាងលំបាកនេះឱ្យបានស្ថិតស្ថេរជានិច្ច ដើម្បីសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលរបស់ប្រជាពលរដ្ឋយើង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ។ល។ រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ។
លោកស្រីកិត្តិសង្គហបណ្ឌិតបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៩ កក្ដដាខាងមុខនេះ កុំបីខានពិសេសបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំ្របទេសកម្ពុជាឱ្យរីកចម្រើនពោរពេញដោយសុខសន្តិភាពបន្តទៀត៕