(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានចូលរួមក្នុងពិធីបើការដ្ឋានសាងសង់ផ្លូវបេតុង ក្នុងភូមិគោកបេងប្រវែង១,១១០ម៉ែត្រ ទទឹង៦ម៉ែត្រ ជួសជុលផ្លូវក្រាលគ្រួសក្រហមក្នុងភូមិនគរក្រៅមួយខ្សែ ប្រវែង៧០០ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមមួយខ្សែទៀត ពីភូមិគោកបេង ទៅភូមិគោកត្នោត ប្រវែង៥,៨៩០ម៉ែត្រ ក្នុងសង្កាត់គោកចក។
ពិធីបើកការដ្ឋាននេះដែរ ក៏មានការចូលរួមពីមន្ត្រីសាលាខេត្ត និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិនគរក្រៅ គោកបេង និងភូមិគោកត្នោត សរុបប្រមាណ៨០០នាក់។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា ដោយសារប្រទេសមានសង្គ្រាមយូរទើបធ្វើឲ្យមានភាពខ្វះខាត នូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដែលបញ្ហាទាំងនេះ គឺផ្តើមចេញពីសង្គ្រាម ព្រោះថាសង្គ្រាមបានបំផ្លិចបំផ្លាញនូវអ្វីៗទាំងអស់ដូចបងប្អូន ពូ មីង បានដឹង និងបានឆ្លងកាត់ហើយក្នុងសម័យ៣ឆ្នាំ ៨ខែ ១០ថ្ងៃ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពឡើងវិញ ដោយប្រើនូវនយោបាយឈ្នះឈ្នះ ទើបកម្ពុជាមានដល់ថ្ងៃនេះ។
លោកអភិបាលខេត្ត បានបន្តថាស្របពេលនឹងប្រទេសជាតិ មានសុខសន្តិភាពនេះ ទើបធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរលើគ្រប់វិស័យ។ ដូចនេះត្រូវរួមគ្នារក្សាឲ្យបាននូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត ព្រោះថាផ្លូវ គឺជាសរសៃឈាម នៃសេដ្ឋកិច្ចមានផ្លូវ មានក្តីសង្ឃឹម។
ជាមួយនឹងការបើការដ្ឋានជួសជុលផ្លូវនេះ ក៏មានការសាទរយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលផ្លូវបីខ្សែនេះ ស្របពេលតែមួយនាពេលនេះ ហើយប្រជាពលរដ្ឋទាំងអស់បានសន្យាថានឹងទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជន។
ក្នុងពិធីនេះដែរ លោក ឃឹម ប៊ុនសុង បានផ្តល់ជូនប្រជាពលរដ្ឋ៨០០នាក់ ដែលបានចូលរួម ក្នុងម្នាក់ថវិកាចំនួន២ម៉ឺនរៀលផងដែរ៕