(ភ្នំពេញ)៖ អស់បារម្ភសម្រាប់ប្រជាកសិករ ដែលប្រកបរបរដាំដំណាំស្វាយចន្ទី ថ្ងៃនេះអ្នកជំនាញកម្ពុជា​ជាច្រើនរូបបានណែនាំពីរបៀប ដាំចន្ទីបែបវិទ្យាសាស្រ្ដទំនើប ដែលទទួលផលបានផលឆាប់រហ័ស និងលូតលាស់បានល្អ។

ថ្លែងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ប្រសិទ្ធភាពនៃការគ្រប់គ្រងដំណាំស្វាយចន្ទី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក កែវ ផាន់ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុន អង្គរហ្គ្រីន អ៊ិនវេសមេន ឲ្យដឹងថា ថ្ងៃនេះដែលក្រុមហ៊ុនបានរៀបចំកម្មវិធីសិក្ខាសាលាមួយ ដែលស្ដីពីការដាំដំណាំចន្ទី ដោយមានការអញ្ជើញចូលរួមពីវាគ្មិនផ្នែកកសិកម្ម ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ចែករំលែកបទពិសោធន៍​នៃការដាំ​ដំណាំចន្ទីបែបវិទ្យាសាស្រ្ដទំនើប។

លោកបានថ្លែងទៀតថា ការដាំដំណាំចន្ទីពិតជាមាន សារៈសំខាន់ក្នុងការផ្គត់ផ្គង់លើទីផ្សារ ហើយការ​ចែករំលែកថ្ងៃនេះ គឺដើម្បីឲ្យពលរដ្ឋមានការផ្លាស់ប្ដូរបែបធ្វើកសិកម្មបែបបុរាណ មកវិទ្យាសាស្រ្ដទំនើប​វិញ ដោយប្រើប្រាស់នូវគ្រឿងឧបករណ៍ទំនើបៗ និងរបៀបដាំដុះដែលធ្វើឲ្យឆាប់បានផល។

លោកបានបន្ដទៀតថា កត្តាដែលធ្វើឲ្យចន្ទីទទួលបានផលល្អត្រូវផ្ដោតលើកត្តាច្រើនយ៉ាងដូចជា៖

១៖ កត្តាទឹក ត្រូវប្រើប្រាស់ទៅតាមអាយុ និងដំណាក់កាលនៃការលូតលាស់របស់ស្វាយចន្ទីនីមួយៗ ហើយ​ដើម្បីឲ្យការប្រើប្រាស់ទឹកបឲត្រឹមត្រូវ កសិកគួរជ្រើសរើសយកប្រព័ន្ធស្រោចស្រពបែបទំនើប។
២៖ ជ្រើសរើសការប្រើប្រាស់ប្រភេទជីកំប៉ុស្ដិ៍ អត្ថប្រយោជន៍ជីកំប៉ុស្ដិ៍ ជួយបំបែកផូស្វាតក្នុងដី ងាយ​ធ្វើឲ្យ​រុក្ខជាតិ​ងាយស្រូបយកជីផូស្វាត មិនមានជាតិគីមី និងមានសុវត្ថិភាពសម្រាប់មនុស្ស។
៣៖ ការដាំដុះ ថែទាំងតាមបែប IPM ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអង្គហ្គ្រីនជាក្រុមហ៊ុនដែលប្រតិបត្តិលើទីផ្សារកម្ពុជាអស់រយៈពេល ៧ឆ្នាំ ដោយ​ប្រតិបត្តិទៅលើប្រភេទជីថ្នាំ បែកកសិកម្ម, ប្រព័ន្ធស្រោចស្រពដំណាំ, ការផលិតចំណីសត្វ និងយានយន្ដ​កសិកម្មដែលនាំចូលមកពីប្រទេសអ៊ីតាលី៕