Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបមេក្លោងជួញដូរគ្រឿងញៀន ឃាត់មនុស្ស៣នាក់ ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម នៅខេត្តរតនគីរី

26-05-2018 12:13

(រតនគិរី)៖ កម្លាំងការិយាល័យ «ក៥» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តរតនគិរី បានបើកប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយទីតាំង ដោយឃាត់ខ្លួនមានមេក្លោងបានម្នាក់ និងបក្ខពួក២នាក់ រួមជាមួយថ្នាំញៀន ជិត១គីឡូក្រាម ស្ថិតនៅចំណុចក្នុងបរិវេណម៉ូតែលកាឡាក់ស៊ី២ ក្នុងភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកវរសេនីយ៍ទោ ជាវ វណ្ណា នាយការិយាល័យទី៥ ស្តីទី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី ឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ករណីបង្រ្កាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី២៥ ខែឧសភាម្សិលមិញ ដោយមានការសម្របសម្រួលរបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។

វត្ថុតាងដកហូតបានរួមមានម្សៅក្រាមពណ៌សថ្លាចំនួន២០ថង់ (១៥ថង់តូច និង៥ថង់ធំ) សង្ស័យសារធាតុញៀន មានទម្ងន់៨៨៧.០២ក្រាម, ម៉ូតូ១គ្រឿងម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី ១B៣៨២៥, ទូរស័ព្ទដៃ១គ្រឿង ម៉ាកសាំសុងសេរីចាស់, លិខិតលក់ទិញរថយន្ត១, លិខិតសៀវភៅគ្រួសារ១, ទូរទស្សន៍ LCD ១គ្រឿង និងដាវសាំម៉ូរ៉ៃ១ដើម។

លោកវរសេនីយ៍ទោ លាង អ៊ីម បានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣នាក់ រួមមានទី១៖ ឈ្មោះ ឆៃ រ៉ាវី អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ៤ (គ៦០) ឃុំត្រពាំងច្រែសស្រុកកូនមុំ, ទី២៖ ឈ្មោះ អ៊ឹម វុទ្ធី អាយុ២៨ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៣៖ ឈ្មោះស៊ុន សំអឿន បច្ចុប្បន្នមានទីលំនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តរតនគិរី ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕