(ភ្នំពេញ)៖ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA First) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រារព្ធនូវទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ «ការចងចាំ» ដែលរៀបចំធ្វើ ជារៀងរាល់ឆ្នាំ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឲ្យមានការជួបជុំជាក្រុមគ្រួសារ និងជាដៃគូរក្នុងសហគមន៍ ដើម្បីចូលរួមអបអរកុមារ នៅទូទាំងពិភពលោក។
ការសម្តែងសិល្បៈ នូវតន្រ្តី និងទស្សណីយ៍ភាពល្ខោនដ៏ធំទូលាយ ត្រូវបានបង្ហាញនៅក្នុង បរិវេណសាលាស្ថិតលើផ្លូវ២០០៤ រួមជាមួយនឹងតូបអាហារ និងមុខម្ហូបជាច្រើនមុខ ដែលរៀបចំ ដោយសិស្សានុសិស្ស ព្រមជាមួយនឹងយុទ្ធនាការប្រឆាំង នឹងការពារបរិស្ថានពីប្លាស្ទិក និងម៉ាស៊ីនបោះពុម្ព ៣D សរុបអ្នកចូលរួមប្រមាណជា២,០០០នាក់។
ថ្លែងនៅក្នុងពិធីនោះ កញ្ញា អាណា តេ ប្រធានក្រុមប្រឹក្សានិស្សិត CIA FIRST បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ ស្តីពី «ការចងចាំ» នាងជឿជាក់ថាប្រធានបទនេះ គឺជាឱកាសមួយ សម្រាប់សិស្សានុសិស្សឆ្លុះបញ្ចាំង អំពីសមិទ្ធិផលរបស់ពួកគេ នៅពេលដែលកំពុងឆ្ពោះទៅរកអនាគត។
កញ្ញា អាណា តេ បានបន្ថែមទៀតថា «ខ្ញុំជឿជាក់ថា «ការចងចាំ» គឺជាប្រធានបទដ៏ល្អមួយ សម្រាប់ទិវា កុមារអន្តរជាតិ ព្រោះវាផ្តល់ឱកាសឲ្យសិស្សានុសិស្ស ប្រើការចងចាំរបស់ពួកគេ ឲ្យប្រែក្លាយទៅជា ស្នាដៃសិល្បៈ ឬការសម្តែង»។
ប្រធានក្រុមប្រឹក្សានិស្សិត CIA FIRST រូបនេះ បានបន្ដថា មិនត្រឹមតែប៉ុណ្ណោះ វាបានផ្តល់ឱកាស ឲ្យសិស្សានុសិស្ស មានឱកាសមើលឃើញ ពីអតីតកាលរបស់ពួកគេ ឆ្លងកាត់ផ្លូវចងចាំ របស់ពួកគេ ហើយដឹងថាអតីតកាលរបស់ពួកគេ បានធ្វើឲ្យពួកគេក្លាយជានរណាសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា កាសែត «ចំណុចសំខាន់» របស់សិស្សានុសិស្ស នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានបោះពុម្ពផ្សាយ និងចែកចាយយ៉ាងទូលំទូលាយ ដោយទំព័រមុខផ្សាយ បង្ហាញពី ភាពជោគជ័យថ្មីៗ នៅក្នុងកម្មវិធី World Scholar's Cup និងការវិភាគលើវិធី ដែលសាលារៀន អាចធ្វើបាន ច្រើនយ៉ាង ដើម្បីជួយដល់បរិស្ថាន៕