(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានបន្តប្រតិបត្តិការចាប់ឃាត់រថយន្តយក្សកែច្នៃខុសបច្ចេកទេសចំនួន៧គ្រឿង ខណៈដែលរថយន្ត៣៨គ្រឿង ត្រូវបានចាប់ដោះរានតខាងក្រោយចោល នៅនឹងកន្លែង។
ប្រតិបត្តិការនេះ ធ្វើឡើងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ចាប់តាំងពីវេលាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ រហូតព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះថា នៅក្នុងយុទ្ធនាការរឹតបន្តឹងត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទូទាំងខេត្តព្រះវិហារ ក្នុងរយះពេល១ខែ ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៨នេះ បានត្រួតពិនិត្យរថយន្តសរុបចំនួន៤៥៧គ្រឿង ក្នុងនោះរកឃើញ៖
* ពិនិត្យឃើញថាត្រឹមត្រូវ១៤៩គ្រឿង
* រថយន្តត្រូវបានកាត់ទ្រុង០៧គ្រឿង
* រថយន្តដឹកសំពីងសំពោងចំនួន១៥៣គ្រឿង
* ខ្វះឯកសារ៩៥គ្រឿង
* បានដោះរានតក្រោយ៣៨គ្រឿង
* គ្នាមស្លាកលេខ៣គ្រឿង
* ស្លាកលេខក្លែងក្លាយ១គ្រឿង
* គ្មានបណ្ណ័បើកបរ១១នាក់
លោកបានបន្តថា ក្នុងរយៈពេល១ខែ សរុបយានយន្តល្មើសច្បាប់យើងរកឃើញមានចំនួន៣០៨គ្រឿង ត្រូវបានធ្វើការផាកពិន័យ និងបានចាប់កាត់ ទ្រុងនៅនឹងកន្លែងផងដែរ។ ការចុះអនុវត្តន៍ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស របស់គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ គឺត្រូវចុះធ្វើជាប្រចាំជារៀងរាល់ថ្ងៃតាមផ្លូវសំខាន់ក្នុងខេត្ត និងស្រុកមួយចំនួន។
លោកបញ្ជាក់ទៀតថាតាមការណែនាំរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៍ដូចលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្ត តែងបានជំរុញណែនាំឱ្យក្រុមការងារត្រួតពិនិត្យយានយន្ត ខុសលក្ខណៈបច្ចេកទេសត្រូវចុះត្រួតពិនិត្យជាប្រចាំតាមដងផ្លូវសំខាន់ៗ ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលបណ្តាល ឱ្យផ្លូវឆាប់ខូច និងអនុវត្តន៍ចំពោះរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេសជាដើម។
ជាមួយគ្នានេះផងដែរលោកប្រធានមន្ទីរ ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ពិសេគឺការកែច្នៃរថយន្តឱ្យត្រឹមត្រូវនិងច្បាប់ដែលបានអនុញ្ញាតិ និងធ្វើការដឹកជញ្ជូនទំនិញកុំឱ្យលើសទម្ងន់កំណត់ជាដាច់ខាត៕