Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ពុលនៅខេត្តក្រចេះទៀតហើយ! ប្រជាពលរដ្ឋ៧៥នាក់​ មានអាការៈក្អួតចង្អោសង្ស័យពុលនំបុ័ង ត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ (Video inside)

26-05-2018 09:22

(ក្រចេះ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន៧៥នាក់ រស់ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ មានអាការៈក្អួតចង្អោ ដោយសារហូបនំបុ័ង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់របស់ លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ។

លោក ហង្ស ចាន់ឌី បានបញ្ជាក់ថា ហេតុការណ៍ពុលអាហារនេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចត្រពាំង ភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកអភិបាលស្រុកចិត្របុរី បានដឹងឲ្យថា បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលភាគច្រើនជាកុមារ ដែលមានអាការៈក្អួតចង្អោ ត្រូវបានអាជ្ញាធរនាំយកទៅសង្រ្គោះនៅមន្ទីរពេ្យទាន់ពេល និងបានធូរស្រាល ដោយមួយចំនួនបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។

លោកអភិបាលស្រុកបន្តទៀតថា មូលហេតុដែលពួកគាត់ បានពុលនោះនំបុ័ង គឺនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ខាងមន្ទីរកសិកម្មបានចុះ ទៅណែនាំឲ្យពលរដ្ឋដាំឡូងមី ហើយបានចែកនំបុ័ង ឲ្យដល់ប្រជាពលរដ្ឋហូប ជាអាហារសម្រន់។ បន្ទាប់មកក៏មានអាការៈពុលតែម្ដងទៅ ប៉ុន្តែអ្នកហូបខ្លះទៀតក៏មិនបានពុលដែរ។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បញ្ជាក់ថា ប្រជាពលរដ្ឋពួកគាត់ មានអាការៈដូចៗគ្នា គឺឈឺពោះ ក្អួតចង្អោ អស់កម្លាំង និងរាក៕