(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្ដ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី ស្នងការ មេបញ្ជាការ និងអស់លោក លោកស្រីជាប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុកផងដែរ។
ក្នុងកិច្ចប្រជុំនោះ ក៏បានអានសេចក្តីសម្រេច ស្តីពីការបង្កើតលេខាធិការដ្ឋាន និងសេចក្តីផ្សព្វផ្សាយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃខាងមុខនេះ។
ឆ្លងតាមការស្តាប់នូវសេចក្តីរាយការណ៍ បណ្តាកងឯកភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាជននៅតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ព្រមទាំងការលើនូវផែនការសម្រាប់អនុវត្តបន្តរួចមក អង្គប្រជុំទាំងមូលក៏បានធ្វើកិច្ចពិភាក្សាអំពីបញ្ហារៀបចំផែនការ, ចាត់វិធានការបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ។
លោក ឃឹម ប៊ុនសុង ក៏បានធ្វើការវាយតម្លៃខ្ពស់ពីរបាយការណ៍ និងសភាពការតាមបណ្តាកងឯកភាពរបស់ខេត្តដែលបានលើកឡើង ហើយលោកបានដាក់នូវបទបញ្ជា និងវិធានការមួយចំនួនដល់គ្រប់សមត្ថកិច្ច នៃកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរណ៍ ដែលជាមូលដ្ឋានសេដ្ឋកិច្ចមិនចេះរីងស្ងួតរបស់ជាតិ។
ម៉្យាងទៀតណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងឯកភាពទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង និងក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់ប្រជាជនក្នុងមូលដ្ឋាន ព្រមទាំងក្តាប់ឲ្យបាននូវគ្រប់ មុខសញ្ញាដែលមានក្នុងមូលដ្ឋាន សំខាន់ចំពោះក្រុមដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោត និងមិនឲ្យប្រជាជនទៅបោះឆ្នោតជាដើម។
លោក ឃឹម ប៊ុនសុង ក៏បានដាក់នូវវិធានការណ៍មួយចំនួនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការកៀងគរប្រជាជន ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា និងត្រូវពង្រឹងដល់កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរឃុំ សង្កាត់ និងមេភូមិព្រមទាំងប្រជាពលរដ្ឋកុំឲ្យចាញ់បោកនូវរាល់ល្បិចកល របស់ក្រុមជ្រុលនិយមក្នុងគោលបំណងបំផ្លាញសន្តិភាពនៅកម្ពុជា។
លោកប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានក្រើនរំលឹកគ្រប់គណៈបញ្ជាការឯក ភាពរដ្ឋបាលក្រុង ស្រុក និងកងឯកភាពទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយ នូវសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានចូលជ្រៅដល់មន្ត្រីរាជការ អាជ្ញាធរឃុំ សង្កាត់ មេភូមិ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងធ្វើការផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសាររបស់ខ្លួនផងដែរ។ កត្តាសំខាន់នៅគ្រប់មូលដ្ឋានបង្កើនការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងអនុវត្តឲ្យខាងតែបាននូវ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្នុងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕