(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ពិតជាបានធ្វើឱ្យវិស័យកីឡាជាតិទាំងមូលមានការរីកចម្រើនផុសផុល និងលើកស្ទួយកិត្យានុភាពកីឡាជាតិលើឆាកអន្តរជាតិជាបន្តបន្ទាប់។

លោកថ្លែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដែលបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ការដឹកនាំ ការលើកទឹកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាបានធ្វើឱ្យចលនាអូឡាំពិកកម្ពុជា បាននិងកំពុងលើកកម្ពស់លើគ្រប់ទិដ្ឋាភាពមុខងារកីឡា និងធ្វើឱ្យវិស័យកីឡាជាតិទាំងមូលមានការរីកចម្រើនផុសផុលក្នុងសង្គមជាតិ និងលើកស្ទួយកិត្តិយសកិត្យានុភាពជាតិលើឆាកអន្តរជាតិជាបន្តបន្ទាប់»។

លោកបន្តថា ការសម្រេចចិត្តទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី  គឺជាមោទនភាពនៃវិស័យកីឡាជាតិ ជាកិត្តិយសជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ រីឯការអនុញ្ញាតឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ គឺជាចលករដ៏មានសារសំខាន់បំផុតក្នុងការពង្រឹងសមត្ថភាព គុណផលកីឡាជំនាញកម្រិតខ្ពស់ និងការសិក្សាអនុវត្តផ្ទាល់លើការងារដឹកនាំ និងការគ្រប់គ្រងព្រឹត្តិការណ៍កីឡាធំៗ។

លោកថា អនុវត្តតាមផែនការមេឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបង្កើតរួចហើយ នូវគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន។

ក្នុងក្របខណ្ឌនៃ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងតែមមាញឹកធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ក្នុងការរៀបចំដំណើរឆ្ពោះទៅត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយការទទួលខុសត្រូវ និងជោគជ័យ។

លោកបានបន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ពិតជាបានប្រព្រឹត្តទៅតាមគោលការណ៍ស្មារតីកីឡាអូឡាំពិក ដូចលោក Pierre De Combertain បិតាអូឡាំពិកទំនើប បាននិយាយថា «អ្វីដែលមានសារសំខាន់នៃព្រឹត្តិការណ៍កីឡាអូឡាំពិក គឺមិនមែនដើម្បីតែឈ្នះនោះទេ គឺសំខាន់ការចូលរួម»។ គោលដៅចលនាអូឡាំពិក គឺដើម្បីចូលរួមកសាងពិភពលោកមួយឲ្យល្អប្រសើរ និងមានសុខសន្តិភាព តាមរយៈការអប់រំយុវជនឱ្យចូលរួមហ្វឹកហាត់កីឡាដោយគ្មានការរើសអើង នយោបាយ សាសនា ពូជសាសន៍ពណ៌សម្បុរ ឋានៈសង្គមឡើយ និងប្រកាន់ភ្ជាប់នូវការយោគយល់គ្នាក្នុងស្មារតី មិត្តភាព សាមគ្គីភាព និងគោរពគោលការណ៍ Fair-Play ទាំងអស់គ្នា»៕