(ភ្នំពេញ)៖ ម៉ូតូ Zoomer X ព្រលះគ្នាជាមួយរថយន្ដ Highlander ក្នុងទិសដៅបញ្ច្រាសគ្នា លាន់ស្នូរឭឡើងប្រាវ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Highlander បើកដោយបិរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ មានម៉ូតូ១គ្រឿងម៉ាក Zoomer X បើកជិះឌុបគ្នា ដោយយុវជន៣នាក់ ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នា ជាមួយរថយន្ដ ស្រាប់តែបុកគ្នាទៅកើត ដោយពុំទាន់ដឹង ថាខាងណាខុស ឫខាងណាត្រូវនោះទេ ដែលបណ្ដាលឲ្យខាងម៉ូតូ Zoomer X ដួលរងរបួសធ្ងន់ម្នាក់ សង្ស័យបាក់ជើងឆ្វេងមិនដឹង និង២នាក់ទៀតរងរបួសស្រាល និងត្រូវបានរថយន្តសាម៊ុយ របស់មន្ទីពេទ្យកាលម៉ែត្រដឹកបញ្ជូនទៅសង្គ្រោះផងដែរ តែសម្រាប់ម៉ូតូវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែករថយន្ដរងការខូចខាតកំពិតផ្នែកឆ្វេងខាងមុខបន្តិចបន្ទួចប៉ុណ្ណោះ។

រថយន្តម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AE-1548 បើកដោយបុរសម្នាក់ តែមិនស្គាល់ពីអត្តសញ្ញាណនោះទេ។ ឯម៉ូតូម៉ាក Zoomer X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GI-8537។

តាមសាក្សីបាននិយាយទៀតថា បន្ទាប់ពីកើតហេតុ គេសង្កេតឃើញមានសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីធ្វើការតាមជុំនាញវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាតាមផ្លូចច្បាប់នៅពេលក្រោយ៕