(ភ្នំពេញ)៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ យ៉ាងសំបូរបែប នៅកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីផ្តល់សេវាធានារ៉ាប់រងឥណទាន ជូនគ្រប់អតិថិជនទាំងអស់ដែលបាននឹងកំពុងប្រើប្រាស់ឥណទានរបស់ ហត្ថាកសិករ ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ បានថ្លែងថា ការបង្កើតសេវាកម្មធានារ៉ាប់រង អាយុជីវិត សម្រាប់ផលិតផលឥណទាននេះ គឺបានបង្ហាញពីយកចិត្តទុកដាក់ក្នុងការគាំពារ
និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន សម្រាប់អតិថិជន ហត្ថាកសិករ ព្រោះសេវាកម្មនេះ បានធានានូវការសងត្រលប់មកស្ថាប័នជំនួសឱ្យអតិថិជន ប្រសិនបើគាត់មិនអាចរកចំណូលបាន ដោយប្រការណាមួយនោះ។ ពិសេសជាងនេះទៀត ក្រុមគ្រួសារ ឬសាច់ញាតិរបស់អ្នកខ្ចីប្រាក់លែងមានការព្រួយបារម្មណ៍ ក្នុងការបាត់បង់ ឬក៏លក់ទ្រព្យសម្បត្តិដើម្បីសងប្រាក់ឥណទានទៀតដែរ។
លោកបន្ថែមថាអតិថិជនខ្ចីប្រាក់ ដែលប្រើសេវានេះ អាចនឹងទទួលបាននូវប្រាក់ សំណងមួយចំនួនពីក្រុមហ៊ុនធានារ៉ាប់រងដើម្បីផ្គត់ផ្គង់ជីវភាពផងដែរ។ ហើយក្រៅពីនេះ សេវាកម្មនេះ អាចចូលរួមចំណែកលើកកម្ពស់ វិស័យហិរញ្ញវត្ថុកម្ពុជា និងជួយអោយហត្ថាកសិករកាន់រីកចំរើនបន្ថែមទៀត។
ក្នុងឱកាសនោះ លោកឧកញ៉ា ហួត អៀងតុង បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុញ្ញាត ចំពោះការសហការរវាង ហត្ថាកសិករ និងក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ចំពោះសេវាកម្មធានារ៉ាប់រងអាយុជីវិតសម្រាប់ផលិតផលឥណទាននេះ។
លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍បន្ថែមទៀតថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកដ៏ឈានមុខមួយ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលបានក្លាយជាដៃគូ សហការជាមួយហត្ថាកសិករ ដើម្បីចែកចាយសេវាធានារ៉ាប់រងឥណទាន និង ផលិតផលការពារហិរញ្ញវត្ថុផ្សេងទៀតជូនដល់អតិថិជនរបស់ ហត្ថាកសិករ។ យើងខ្ញុំប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផល ប្រកបដោយអត្ថប្រយោជន៍សម្រាប់អតិថិជនរបស់ ហត្ថាកសិករ រួមនឹងសេវាកម្ម អតិថិជនប្រកបដោយគុណភាព។ យើងខ្ញុំមានក្តីរីករាយក្នុងការឃើញអតិថិជនរបស់ ហត្ថាកសិករ ទទួលបានអត្ថប្រយោជន៍ និង អស់កង្វល់ពីកម្ចី ជាមួយផលិតផលដែលយើងខ្ញុំផ្តល់ជូន។ សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យ ហត្ថាកសិករ ធ្វើការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតសម្រាប់ផលិផលតឥណទានជូនដល់អតិថិជន ដែលកំពុងប្រើប្រាស់សេវាឥណទានរបស់ខ្លួន៕