(ពោធិ៍សាត់)៖ បុរសវ័យ៥៨ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញ ចាប់វាយខ្នោះ ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដែលបានចោទថា បុរសរូបនេះបានចាប់រំលោភកូនស្រីរបស់គាត់ បានសម្រេច៤លើក ហើយគំរាមសម្លាប់។ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ែន ថា អាយុ៥៨ឆ្នាំ ត្រូវជាដន្លងនឹងម្តាយនារីរងគ្រោះឈ្មោះ អ.ស.ខ អាយុ៥១ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បើតាមការរៀបរាប់ទាំងទឹកភ្នែកពីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា រូបនាងត្រូវឈ្មោះ ម៉ែន ថា បានចាប់រំលោភជាច្រើនលើក ហើយរាល់ពេលរំលោភ ឈ្មោះ ម៉ែន ថា តែងតែគម្រាមមិនឲ្យនិយាយប្រាប់ម្តាយនាង និងអ្នកដទៃទេ «បើហ៊ានប្រាប់គេ អញនឹងសម្លាប់ចោល»។
នាងបន្តថា នៅលើកទី៤ នាងមានអារម្មណ៍ភ័យខ្លាំងណាស់ ក៏សម្រេចចិត្តប្រាប់ប្រាប់ម្តាយនាង ភ្លាមនោះ ម្តាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ថា ជនសង្ស័យខាងលើបានចាប់រំលោភកូនស្រីរបស់ខ្លួន ដោយគំរាមសម្លាប់ថែមទៀតផង។
ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ កម្លាំងអធិការនគរបាលស្រុកភ្នំក្រវាញ ក៏បានចុះឃាត់ខ្លួនជនសង្ស័យ ហើយយកមកសួរចម្លើយ។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន រំលោភទៅលើជនរងគ្រោះនោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវវបានកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕