(កំពង់ធំ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងជំរុញពលរដ្ឋទាំងអស់ឲ្យផលិតស្រូវឲ្យបានច្រើន និងកុំព្រួយបារម្ភចំពោះតម្លៃនៃទីផ្សារ។
ការលើកឡើងបែបនេះ របស់លោកអគ្គនាយកធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួម ប្រគល់កំព្យូទ័រ និងផ្សព្វផ្សាយពីគោលការណ៍ឥណទាន និងភ្ជាប់ទីផ្សាររវាងសហគមន៍កសិកម្មអ្នកផលិត និងអ្នកទទួលទិញ ដល់ពលរដ្ឋខេត្តកំពង់ធំ។
លោក កៅ ថាច បានធ្វើការកត់សម្គាល់ និងណែនាំអោយសហគមន៍ពង្រីកការផលិតស្រូវ និងត្រូវរៀបចំកិច្ចសន្យាកសិកម្មជាមួយអ្នកទទួលទិញ ដែលមានកេរ្តិ៍ឈ្នោះ ដូចយ៉ាងក្រុមហ៊ុន AMARU ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងធ្វើការទទួលទិញស្រូវពីសហគមន៍ជាច្រើន ដោយការទិញនោះធ្វើឡើងតាមតំលៃទីផ្សារ និងសូមឲ្យពលរដ្ឋកុំព្រួយបារម្ភចំពោះតម្លៃឲ្យសោះ។
ទន្ទឹមនេះ លោកក៏បន្តលើកទឹកចិត្តដល់បងប្អូនសហគមន៍ ពង្រឹកការចញ្ចឹមសត្វ ដាំបន្លែដោយគ្មានជាតិគីមី និងដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបានច្រើន។ដោយឡែកចំពោះកម្ចីឥណទាន ក្នុងករណីសហគមន៍ មានតម្រូវការ ដើម្បីពង្រីកការផលិត ធនាគាអភិវឌ្ឍន៍ជនបទរង់ចាំទទួលពាក្យសុំខ្ចី ពីបងប្អូន ដោយអត្រាការប្រាក់ទាប។
បន្ថែមលើនេះ ជាការលើកទឹកចិត្តដល់សហគមន៍ដែលបានចូលរួមលោក កៅ ថាច បានឧបត្ថមកំព្យូទ័រចំនួន០៩គ្រឿង ដើម្បីសម្រួលដល់ការកត់ត្រាទិន្នន័យ និងបញ្ចីស្នាមផ្សេងៗ ហើយលោកក៏ធ្វើការសំណមពរឲ្យពលរដ្ឋ ទាំងអស់គ្នាទៅចូលរួមបោះឆ្នោតកុំបីខាន៕