(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក Amaud DARC នាយកសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងទៅនឹងប្រធានបទសំខាន់ៗដូចជា៖ ការកែច្នៃម្ហូបអាហារកសិកម្ម ការធ្វើកសិកម្ម និងធាតុចូល និងការដាំដុះដំណាំលើដីសម្បទានសេដ្ឋកិច្ច។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានជម្រាបជូនប្រតិភូដោយសង្ខេប អំពីការរីកចម្រើនវិស័យកសិកម្មជាអាទិ៍ ផលិតកម្មដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី ដែលក្រសួងបានចាត់ទុកថា ជាផលិតកម្មមានអាទិភាពក្នុងការនាំចេញ។ ទោះជាយ៉ាងណា ជារួមទិន្នផលនៃផលិតកម្មទាំងនោះ នៅមានកម្រិត ធៀបទៅនឹងបណ្តាប្រទេសជិតខាង ដែលទាមទារត្រូវអនុវត្តនូវយន្តូបនីយកម្មកសិកម្ម ការកំណត់តំបន់ដាំដុះ ការប្រើប្រាស់ពូជ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាពផលិតកម្ម កាត់បន្ថយថ្លៃដើម និងកំលាំងពលកម្មសមស្របទៅនឹង កំណើនសេដ្ឋកិច្ចជាតិ ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ទៀតថា បច្ចុប្បន្នចំពោះវិស័យកសិឧស្សាហកម្ម (ការកែច្នៃ) រាល់ផលិតកម្មទាំងអស់នោះ គឺនៅមានកម្រិត ប៉ុន្តែរាជរដ្ឋាភិបាលបាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីជួយគាំទ្រ និងធ្វើការទាក់ទាញដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនមកធ្វើការវិនិយោគ ដើម្បីបង្កើនតម្លៃបន្ថែម ឆ្លើយតមតាមស្តង់ដារ ធានាបានទាំងគុណភាព និងសុវត្ថិភាពនៃទីផ្សារនាំចេញ។
នាឱកាសនោះដែរ លោក Amaud DARC បានកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានជម្រាបជូន លោករដ្ឋមន្រ្តីពីគោលដៅរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា គឺជាអ្នកសម្របសម្រួល ផ្សាភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ លើការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។
លោក Amaud DARC បានលើកឡើងទៀតថា បច្ចុប្បន្នតាមរយៈសភាពាណិជ្ជកម្មអឺរ៉ុបនេះ មាន៣៥០ ក្រុមហ៊ុនបានមកធ្វើការវិនិយោគ លើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា និងមានគណៈកម្មការជំនាញពាក់ព័ន្ធចំនួន១០ ដើម្បីសហការ បង្កើនបរិយាកាសក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែល្អប្រសើរនៅកម្ពុជា។
នាឱកាសនេះ លោក Amaud DARC បានអញ្ជើញលោករដ្ឋមន្រ្តី ផ្តល់កិត្តិយសធ្វើជាគណៈធិបតី ក្នុងវេទិការសាធារណៈនាពេលអនាគត ហើយតាមសំណើនេះ លោករដ្ឋមន្រ្តីបានឯកភាព ចូលរួមតាមការអញ្ជើញ។
លោករដ្ឋមន្រ្តី វេង សាខុន បានជម្រាបជូនគណៈប្រតិភូថា តាមរយៈការខិតខំប្រឹងប្រែង របស់សភាពាណិជ្ជកម្មអឺរ៉ុប បានធ្វើឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជាកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យកសិកម្មនាពេលអនាគត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការឲ្យអស់លទ្ធភាព៕