(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបង្ក ដោយរថយន្តហ៊ីយ៉ាន់ដាយ បានបើកបុករថយន្ត Vigo យ៉ាងពេញទំហឹងបណ្តាលឲ្យអូសជាង៥ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះប្រុសស្រីក្មេងចាស់៣នាក់រងរបួស និង៣នាក់ទៀតស្លាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៤០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ព្រំប្រទល់ខណ្ឌដង្កោ រាជធានីភ្នំពេញ និងភូមិដំណាក់សង្កែ សង្កាត់ព្រែកហូលរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-0830 ជាប្រភេទរថយន្តដឹកទំនិញ បានបើកបរក្នុងទិសដៅពីលិចមកកើត ខណៈពេលជិះមកដល់ចំណុចត្រង់ផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្ក បានបើកបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក Vigo ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2N-4733 យ៉ាងបំពេញទំហឹងបណ្តាលឲ្យអូសជាង៥ម៉ែត្រ ហើយគៀបជាប់មនុស្សក្នុងរថយន្ត។ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់តែរថយន្តនៅនឹងកន្លែងងកើតហេតុ។
ក្រោយកើតហេតុប្រជាពលរដ្ឋដែលនៅជិតនោះ បាននាំគ្នាជួយសង្គ្រោះ រួចបានហៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ខណៈពេលដែលដឹកជនរងគ្រោះទៅមន្ទីរពេទ្យនោះ ជាអកុសលបានស្លាប់ចំនួន៣នាក់ និង៣នាក់ទៀត កំពុងស្ថិតនៅក្នុងការជួយសង្គ្រោះ។
ចំណែកឯរថយន្តបង្កខាងលើ និងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ខេត្តកណ្តាល វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំការដោះស្រាយគ្នា៕