(ភ្នំពេញ)៖ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចាប់ខ្លួនបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) ចំនួនប្រមាណ២ម៉ឺនដុល្លារ។
សមត្ថកិច្ចឲ្យដឹងថា បុរសជាតិកូរ៉េរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
ក្រោយនាំខ្លួនមកដល់តុលាការ និងបញ្ចប់ការសាកសួរលោកចៅក្រម កោ វណ្ឌី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសជាតិកូរ៉េរូបនេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ខណៈដែលជនត្រូវចោទ គ្មានប្រាក់សងទៅដើមបណ្តឹង។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ គឹម យ៉ាងស៊ូ អាយុ៥៣ឆ្នាំ មុខរបរជាអ្នកជំនួញ មានទីកន្លែងកំណើតនៅសង្កាត់យ៉ុងថុង ទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូង មានអាសយដ្ឋានស្នាក់នៅអគការ IOC លេខ២៥៤ មហាវិថីព្រះមុនីវង្ស ខណ្ឌដូនពេញ។
ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើសួរ បានបញ្ជាក់ថា ជនសង្ស័យប្រព្រឹត្តបទល្មើសកាលពីអំឡុងឆ្នាំ២០១៥ ដែលជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្តាទោស តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីអំពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕