(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំទិវាវេជ្ជសាស្ត្រ និងសល្យសាស្ត្រ លើកទី២០របស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាព និងជំនាញក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកបន្ថែមទៀត ឲ្យស្របទៅនឹងការវិវឌ្ឍន៍របស់ជំងឺទៅតាមសម័យកាល។
លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងឱកាសនោះ បានផ្តល់អនុសាសន៍ណែនាំឲ្យក្រុមវេជ្ជបណ្ឌិត និងបុគ្គលិករបស់មន្ទីរពេទ្យ ត្រូវបង្កើនសមត្ថភាព និងជំនាញរបស់ខ្លួន ដោយមិនត្រូវអនុវត្តជំនាញចេះពីមុន នៅពេលអតីតកាលនោះទេ ពោលគឺសម័យកាលថ្មី ទាមទារមានជំនាញថ្មី តាមរយៈការអនុវត្ត និងគិតឲ្យបានត្រឹមត្រូវ ព្រមជាមួយនឹងភាពជឿជាក់។
លោកអគ្គនាយក បានបញ្ជាក់ថា នៅក្នុងសម័យកាលថ្មីនេះ មនុស្សមិនអាចរស់នៅដោយគ្មានកេរ្តិ៍ឈ្មោះនោះទេ និយាយជារួម បើនិយាយដោយឡែក នៅក្នុងវិស័យសុខាភិបាល ដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិតមួយរូប ដែលមានកេរ្តិ៍ឈ្មោះ ទាមទារឲ្យមានចំណុចសំខាន់ៗចំនួន៤យ៉ាង។
គួរជម្រាបថា ការប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ លើកទី២០របស់មន្ទីរពេទ្យកាល់ម៉ែតនាឆ្នាំនេះ ស្របពេលដែលមន្ទីរពេទ្យ ទើបសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារតេជោសន្តិភាព ដែលជាមជ្ឈមណ្ឌលមហារីកថ្មីទំនើប បំពាក់នូវបច្ចេកវិទ្យាថ្មីចុងក្រោយ ក្នុងការព្យាបាលជំងឺមហារីក ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ បានលើកយកប្រធានបទសំខាន់ៗចំនួន១៥ ដោយផ្តោតលើផ្នែកវះកាត់ ជំងឺទូទៅ ជំងឺបេះដូង ការព្យាបាលជំងឺ Stroke សង្គ្រោះបន្ទាន់ និងការព្យាបាលជំងឺមហារីក៕