(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីអភិបាលរង អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការ ចៅសង្កាត់ នាយប៉ុស្តិ៍ ស្មៀន មេភូមិ និងនាយកសាលាទាំងអស់ក្នុងខណ្ឌ។
នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខណ្ឌ បានណែនាំដល់ចៅសង្កាត់ មេភូមិ និងនាយកសាលាទាំងអស់ក្នុងខណ្ឌ ធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដើម្បីជ្រើសរើសមេដឹកនាំដែលល្អ ដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ការអភិវឌ្ឍ និងរីកចម្រើនទៅមុខទៀត ដោយមិនត្រូវជឿតាមការឃោសនា ញុះញង់របស់ក្រុមជនអគតិ មួយក្រុមតូច ដែលបំផុសបំផុលឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ដែលនេះជាការបំបិទសិទ្ធិប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំ លោកអភិបាល ក៏បានលើកឡើងអំពីការងារមួយចំនួនទៀតដូចជា៖
*យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព បង្ការ ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទកុំឲ្យកើតមានឡើង ជាពិសេសល្បែងស៊ីសង និងគ្រឿងញៀន
*រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ចៀសវាងការដាក់តាំងលក់ដូរ នៅលើចំណីផ្លូវសាធារណៈ បង្កឲ្យខូចសណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ និងកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ
*ពិនិត្យ និងរៀបចំស្តារប្រពន្ធលូ ក្នុងមូលដ្ឋានឲ្យបានមុនរដូវវស្សាចូលមកដល់ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
*លោក លោកស្រីចៅសង្កាត់ទាំងអស់ មុនចុះហត្ថលេខាលើលិខិតស្នាមផ្សេងៗត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងផលប៉ះពាល់ និងបញ្ហាផ្សេងៗដែលអាចកើតមានឡើង៕