(កំពង់ឆ្នាំង)៖ ក្រុមសហជីព និងក្រុមកម្មករនៅក្រុមហ៊ុន «ខាងណេង» បានទទូចស្នើសុំដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីខាងក្រុមហ៊ុនមួយនេះ បានប្តឹងពូកគាត់ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយតម្រូវឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
នៅក្នុងលិខិតកោះហៅរបស់លោកវរសេនីយ៍ត្រី លឹម ហាក់ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានកោះហៅពួកគាត់ទាំង១១នាក់ ឲ្យចូលទៅបំភ្លឺនៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៣ ដោយចោទប្រកាន់ពីបទ «ញុះញង់ និងបរិហាបង្កាច់កេរ្តិ៍»។ ការដែលភាគីក្រុមហ៊ុនប្តឹងទៅ សមត្ថកិច្ចអាវុធហត្ថខាងលើនេះ បានកើតមានបន្ទាប់ពីពួកគាត់បានប្រាប់បញ្ហានេះ ដល់អ្នកសារព័ត៌មាន។
ប្រធានសហជីពសិទ្ធិប្រយោជន៍កម្មករលោកស្រី ម៉ន់ យ៉េត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះថា ក្រុមលោកស្រី និងក្រុមកម្មករមិនបានធ្វើសកម្មភាព ដូចដែលភាគីក្រុមហ៊ុនចោទប្រកាន់នោះឡើយ ពោលមិនបានទៅនាំឲ្យក្រុមកម្មករផ្សេងទៀតឈប់ធ្វើការទេ គឺក្រុមកម្មករនៅបន្តការដដែល ប៉ុន្តែការប្តឹងរបស់ភាគីក្រុមហ៊ុននេះ មានបំណងចង់បំបាក់ ស្មារតី និងជាការគំរាមកំហែងកុំពូកគាត់ចេញមកធ្វើសកម្មភាពតវ៉ាបន្តទៀត។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោកស្រី ម៉ន់ យ៉េត ប្រធានសហជីពប្រចាំរោងចក្រ បានបញ្ជាក់ថា មានកម្មករ១១នាក់ និងសហជីពមួយចំនួន ត្រូវបានប្រធានរដ្ឋបាលក្រុមហ៊ុន ឈ្មោះ សឿន រ៉ាវុធ ធ្វើការគំរាមកំហែង ចង់ប្រើអំពើហិង្សាព្រមទាំងគំរាមវៃខ្នោះ ហើយបណ្ដេញចេញពីការងារដោយគ្មានកំហុស និងសេចក្ដីជូនដំណឹងអ្វីនោះទេ ហើយពួកគេចង់បានដំណោះស្រាយ ចំនួន២ រួមមាន៖ ទី១-សុំបើកប្រាក់ឈ្នួលប្រចាំខែមេសា និងទី២-ចង់ចូលបម្រើការងារវិញ។
ក្រុមហ៊ុនដេរកាបូបមួយដែលមានឈ្មោះថា «ខាយណេង ឡេឌើរ ប្រូដាក់» មានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបណ្ដេញក្រុមសហជីព និងកម្មករកម្មការិនី ចំនួន១១រូប ដោយមិនបើកប្រាក់ខែជូនដល់ពួកគេ ដែលធ្វើឲ្យមានបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ជីវភាពប្រចាំថ្ងៃ លើការចិញ្ចឹមគ្រួសារ និងកូនៗទៅរៀន៕