(ភ្នំពេញ)៖ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ នៅខែកញ្ញា ខាងមុខនេះ កម្ពុជា នឹងត្រូវចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្ដរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់​​ពីថ្ងៃទី១២-១៥ ខែកញ្ញា ដោយកម្ពុជាធ្វើជាប្រទេសកិត្តិយសថែមទៀតផង។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នៃពិព័រណ៍នោះ កម្ពុជានឹងរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម៖ ១៖ រៀបចំពន្លាជាតិកម្ពុជា និងតាំងបង្ហាញផលិតផលខ្មែរ ២៖ រៀបចំដំណើរទស្សនកិច្ចពាណិជ្ជកម្ម នៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងចូលរួមវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ នៅក្នុងប្រទេសចិន, ៣៖ រៀបចំ វេទិកាស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី៣ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ និងទី៤៖ រៀបចំ វេទិកាធុរកិច្ច និងវិនិយោគ ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា «MOU» និងកម្មវិធីជំនួបពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ដើម្បីជំរុញផលិតផលរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយ ក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញពាណិជ្ជករ និងអាជីវករដែលមានបំណងទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ នេះ ឬមានគម្រោងស្វែងរកដៃគូវិនិយោគបន្ថែម ឲ្យបំពេញបែបបទ និងផ្ញើគម្រោងរបស់ពួកគេទៅនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាននេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ កាលពីឆ្នាំកន្លង​ទៅពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាននេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួម ហើយក្នុងឆ្នាំនេះសម្ដេចតេជោ ក៏គ្រោងនឹងអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មនេះផងដែរ៕