(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះអនុសស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុន FUNAN Consulting ដើម្បីផ្ដល់សេវាប្រឹក្សាយោបល់អំពីបញ្ហាពាក់ព័ន្ធ នឹងពន្ធដារ និងសេវាបណ្ដុះបណ្ដាលពន្ធដារ ព្រមទាំងសិក្ខាសាលា និងវេទិកាស្ដីពីពន្ធដារ ដែលមានលក្ខណៈទូលំទូលាយជាងមុន ទៅដល់បណ្ដារោងចក្រនាំចេញទាំងអស់ ដែលជាសមាជិករបស់សមាគម។
កិច្ចព្រមព្រៀងគ្នានេះ ត្រូវបានភាគីប្ដេជ្ញាសហការជិតស្និទ្ធ និងប្រក្សាយោបល់គ្នាទៅវិញទៅមក លើបញ្ហាអត្ថប្រយោជន៍ទៅវិញទៅមក ដើម្បីនាំមកនូវអនុលោមភាពពន្ធដារ ប្រសើរជាងមុន និងបរិយាកាសអនុវត្តប្រសើរជាងមុន នៅក្នុងឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC ឲ្យដឹងថា នេះជាការឈានទៅរកទិសដៅត្រឹមត្រូវមួយ ដោយសារពន្ធដារត្រូវបានកំណត់ជាបញ្ហាមួយ ក្នុងចំណោមបញ្ហាអាទិភាព នៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលកំពុងជួបបញ្ហាប្រឈម។ ច្បាស់ណាស់បន្ទាប់ពីអនុស្សរណៈនេះហើយ សមាជិករបស់ GMAC នឹងទទួលបានអត្ថប្រយោជន៍ពីសេវាតម្លៃនេះថែមទៀត។
លោក SENAKA Fermando អគ្គនាយក FUNAN ឲ្យដឹងថា MoU នេះនឹងបង្កើតឱកាសថ្មីមួយសម្រាប់ក្រុមហ៊ុន FUNAN ពង្រីកការងាររបស់ខ្លួនក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងជួយសមាជិករបស់សហគមឲ្យយល់ដឹងបន្ថែម អំពីច្បាស់របស់កម្ពុជា បញ្ហាពន្ធដារ និងស្ដង់ដារគណនេយ្យ ដែលពួកគេត្រូវគោរព។
សូមបញ្ជាក់ថា FUNAN Consulting ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលរីកចម្រើន យ៉ាងលឿនបំផុតដែលមានក្រុមគណនេយ្យករ និងក្រុមពន្ធដារប្រកបដោយវិជ្ជាជីវៈ និងជំនាញបទពិសោធន៍ ការទទួលស្គាល់ និងមានសមត្ថភាពផ្ដល់សវនកម្មប្រកបដោយគុណភាព និងសេវាធានា គណនេយ្យពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាល និងដំណោះស្រាយ IT៕