(ភ្នំពេញ)៖ ក្នុងចំណោមគណបក្សនយោបាយធំៗទាំងអស់ ដែលចូលរួមក្នុងការប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ គឺប្រធានគណបក្សទាំងនោះ សុទ្ធតែបានឈរឈ្មោះ នៅតាមមណ្ឌលដែលពួកគាត់មានប្រជាប្រិយភាពច្រើនទាំងអស់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ឯនោះវិញ លោក ខឹម វាសនា ប្រធានគណបក្សដ៏សំខាន់មួយនេះ ពុំបានឈរជាបេក្ខជននៅមណ្ឌលបោះឆ្នោតណាមួយឡើយ។ អញ្ជឹងតើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យប្រធានគណបក្សដ៏មានវហារសព្ទរូបនេះ សម្រេចចិត្តមិនឈរឈ្មោះតំណាងរាស្ត្រ?
ចម្ងល់ទាំងអស់នេះ ត្រូវបានលោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្រាយបំភ្លឺប្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត តាមរយៈបណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ លោក ចិន ថុន បានពន្យល់ថា ការណ៍ដែលលោកប្រធាន ខឹម វាសនា មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ ដូចប្រធានគណបក្សដទៃនោះ គឺដោយសារលោកមានភារកិច្ចសំខាន់ជាងតួនាទីជាតំណាងរាស្ត្រទៅទៀត។
លោកអគ្គលេខាធិការគណបក្សបានថ្លែងយ៉ាងដូច្នេះថា «គាត់ (លោក ខឹម វាសនា) មានភារកិច្ចដែលសំខាន់ជាងហ្នឹងដែលត្រូវធ្វើ ដូចជាពង្រីកគំនិត ពង្រីកមនោគមវិជ្ជា LDP សម្ព័ន្ធហ្នឹង ទៅក្រៅប្រទេសផង គាត់ត្រូវសរសេរសៀវភៅផង គាត់រវល់ការងារផ្សេងៗទៀត។ មួយទៀត ទោះគាត់អត់ឈរឈ្មោះ ក៏គាត់នៅតែផ្ដល់យោបល់ ផ្ដល់ប្រឹក្សាដល់ប្អូនៗដែលឈរឈ្មោះហ្នឹង ប្រសិនបើជាប់ក៏គាត់នៅតែផ្ដល់យោបល់ បើមិនជាប់ទេក៏នៅតែផ្ដល់យោបល់រហូតហ្នឹង»។
ជាមួយគ្នានេះ លោកអគ្គលេខាធិការគណបក្សក៏បានបញ្ជាក់ដែរថា បេក្ខជនតំណាងរាស្ត្រជាយុវជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អាយុក្រោម៤៥ឆ្នាំចុះ មានរហូតដល់ទៅជាង៩០% ឯណោះ ដែលប្រការនេះ លោក ចិន ថុន បានបញ្ជាក់ថា នេះមិនមែនជាការចាត់តាំងពីសំណាក់គណបក្សនោះទេ ព្រោះមានបញ្ហាស្មារតីរហ័សរហួនជាងមនុស្សចាស់ ហើយអ្នកដែលគាំទ្រ និងចូលរួមជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ភាគច្រើនសុទ្ធសឹងជាយុវជន។
សូមជម្រាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលរួមក្នុងការបោះឆ្នោតចំនួន ២អាណត្តិមកហើយ ហើយនៅអាណត្តិទី៦នៃរដ្ឋសភាខាងមុខនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចុះឈ្មោះចូលរួមប្រកួតប្រជែងទៀតដែរ ដោយបានដាក់បេក្ខជនឈរឈ្មោះនៅគ្រប់២៥មណ្ឌល ទូទាំងប្រទេសកម្ពុជា។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលមានវ័យ៥៣ឆ្នាំ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតទៅបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខផងដែរ៕