(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីជាថ្មីម្តងទៀត ក្នុងពិធីបើក-បិទមហាព្រឹត្តិការណ៍កីឡាជាតិលើកទី២ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូរឡាំពិក។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទព្រឹត្តិការណ៍កីឡាជាតិ ខណៈកាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦ សម្ដេចទាំងពីរក៏ធ្លាប់បានអញ្ជើញជាអធិបតីផងដែរ។
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកការផ្ដល់កិត្តិយសអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការផ្តល់កម្លាំងចិត្តដ៏សំខាន់ សម្រាប់ក្រុមគណៈកម្មការរៀបចំព្រឹត្តិការណ៍ជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសកីឡាករ-កីឡាការិនី ដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្ដៅពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្តៅពីការអញ្ជើញជាអធិបតីភាពដោយផ្ទាល់ពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ ព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ ក៏មានកម្មវិធីកាន់តែអស្ចារ្យជាងលើកទី១ផងដែរ ដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ហើយនាំយកភ្លើងគប់ពីព្រះបរមរាជវាំង មកប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីដុតបំភ្លឺគប់ ប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិ។
គួរបញ្ជាក់ថា ចំពោះភ្លើងគប់ខាងលើតំណាងអត្តពលិកជាតិ ដែលត្រូវចូលក្រាបបង្គំទទួលការព្រះរាជទានពីព្រះមហាក្សត្រនោះ រួមមាន៖ កីឡាករ ឃុន ឌីម៉ា ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧ លើប្រភេទកីឡាគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ។ បន្ទាប់មក ឌីម៉ា នឹងរត់កាន់ភ្លើងគប់អមដោយតារាបាល់ទាត់ឆ្នើមៗ ២រូប គឺកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ប្រាក់ មុន្នីឧត្តម ពីព្រះបរមរាជវាំង ជាមួយនឹងក្បួនម៉ូតូធំ ១២គ្រឿង តាមផ្លូវសំខាន់ៗមួយចំនួន ឆ្ពោះមកពហុកីឡដ្ឋានជាតិ ដែលជាទីកន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាជាតិលើកទី២។
ក្រៅពីកម្មវិធីដ៏មានសារៈសំខាន់ខាងលើ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ក៏បានត្រៀមរៀបចំនូវកម្មវិធីប្លែកៗ និងអស្ចារ្យជាច្រើនទៀត ដើម្បីអបអរពិធីបើក-បិទកីឡាជាតិ រួមមានការសម្ដែងចលនកាយសមស្របរបស់ក្រុមយុវជន និងក្រុមអ្នកជំនាញកីឡា ការសម្ដែងសិល្បៈបាញ់កាំជ្រួចដ៏កម្រ រួមទាំងវត្តមានរបស់កំពូលតារាងចម្រៀងល្បីៗប្រចាំកម្ពុជា៣រូប ដូចជាលោក ព្រាប សុវត្ថិ, កញ្ញា មាស សុខសោភា និងកញ្ញា ឱក សុគន្ធកញ្ញា ដែលនឹងលើកយកបទចម្រៀង ពាក់ព័ន្ធកីឡាជាតិ ដើម្បីច្រៀងអបអរសាទរនាឱកាសដ៏អធិកអធមនោះផងដែរ៕