(ភ្នំពេញ)៖ លោក អ៊ី រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជា ទទួលបន្ទុកធនធានមនុស្ស បានលើកឡើងថា បន្ទាប់ពីមើលឃើញ នូវតម្រូវការសាលារៀន ដើម្បីអភិវឌ្ឍធនធានមនុស្ស ដូច្នេះសាកលវិទ្យាកម្ពុជា បានសម្រេចចិត្តបង្កើតនូវមុខជំនាញសិក្សា២បន្ថែមទៀត គឺមហាវិទ្យាល័យសិល្បៈច្នៃប្រឌិត និងមហាវិទ្យាភាសាបរទេស ដើម្បីចងក្រងធនធានមនុស្ស និងការចូលរួមជំរុញដល់ការអភិវឌ្ឍ ធនធានមនុស្សស្របតាមនិយាម នៃការរីកមច្រើនរបស់ប្រទេសជាតិ។
លោក អ៊ី រតនា បានថ្លែងថាបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យកម្ពុជា ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការផ្សព្វផ្សាយជាផ្លូវការ នៃសាលាសិល្បៈច្នៃប្រឌិត សាលាភាសាបរទេស និងមុខជំនាញថ្មីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ» ដោយមានការចូលរួមពីសាកលវិទ្យាធិការរង សាស្រ្តាចារ្យ និងនិស្សិតប្រមាណជាង១០០នាក់។
លោក អ៊ី រតនា បានបន្តថា កាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ ក្រសួងអប់រំបានទទួលស្គាល់នូវសាលាសិល្បៈច្នៃប្រឌិត សាលាភាសាបរទេស និងមុខជំនាញថ្មីបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជា នេះជាគោលបំណងចង់ជំរុញ ការអភិវឌ្ឍធនធានមនុស្ស ដើម្បីឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។
លោក អ៊ី រតនា បានបញ្ជាក់ថា ការបង្កើតសាលា និងមុខជំនាញថ្មីនេះ ដោយសារយើងមើលឃើញថាសាលានៅកម្ពុជា មិនទាន់មានច្រើន ដែលបំពេញតម្រូវការរបស់ធនធានមនុស្សនៅកម្ពុជានៅឡើយ ដូច្នេះសាកលវិទ្យាល័យកម្ពុជា ចង់ឱ្យធនធានមនុស្សដែលមានទាំងអស់ បានប្រើប្រាស់ និងបញ្ចេញសមត្ថភាពរបស់ខ្លួន។
ចំណែកលោក អន សុភៈ ព្រឹទ្ធបុរស នៃសាលាសិល្បៈច្នៃប្រឌិតលើកឡើងថា ការបង្កើតសាលាសិល្បៈច្នៃប្រឌិត គឺចង់ពង្រឹងស្នាដៃ ទេពកោសល្យរបស់ខ្មែរ កាន់តែមានមុខមាត់ និងចង់ឱ្យនិស្សិតកាន់តែយល់ច្បាស់អ្វីជាសម្បត្តិខ្មែរ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំនោះទើបការអភិរក្ស និងអភិវឌ្ឍទើបជោគជ័យ។
ការបង្កើតសាលាច្នៃប្រឌិតនេះ មានថ្នាក់ដេប៉ាតឺម៉ង់តន្រ្តីចម្រៀង របាំ សិល្បៈ ល្ខោន ចំពោះសាលាភាសាបរទេស មានដេប៉ាតឺម៉ង់ភាសាបារាំង ភាសាចិន, ភាសាកូរ៉េ, ភាសាជប៉ុន និងមុខជំនាញថ្មីបន្ថែម មានការបកប្រែភាសាអង់គ្លេស លើមុខជំនាញទំនាក់ទំនងពាណិជ្ជកម្មភាសាអង់គ្លេស មុខជំនាញការបង្រៀនភាសាអង់គ្លេស ជាភាសាបរទេសជាដើម៕