(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Johannes Oljelund អគ្គនាយក បានសម្ដែងនូវការកោតសរសើរពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ។
កិច្ចជំនួបពិភាក្សាការងារខាងលើនេះ ផ្តោតលើគម្រោង ដើម្បីជំរុញបន្តពង្រឹងសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត នៅទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក Johannes Oljelund មកបំពេញបេសកកម្មការងារ នៅក្នុងកម្ពុជា។
បន្ទាប់ពីសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់លោក Johannes Oljelund មកកាន់កម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅចំពោះប្រជាជន និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានបំពេញតួនាទីយ៉ាងសកម្ម ចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។
ដោយផ្តោតជាក់ស្តែង ទៅលើការកែទម្រង់គន្លឺះជាសារវ័ន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) និង កម្មវិធី កែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (D&D Reform) ជាដើម។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបភាគីមិត្ត ពីការរីកចម្រើនរបស់កម្ពុជា នាបច្ចុប្បន្ន ជាមួយកំណើន សេដ្ឋកិច្ចរឹងមាំក្នុងរង្វង់ ៧% ក្នុងរយៈពេល២ទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។
ក្នុងនោះដែរ, រដ្ឋបាលសាធារណៈកាន់តែខិតទៅជិតប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ, គណនេយ្យភាព និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាមុន។ ការសម្រេចបានទាំងនេះ បានកើតមកពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេស ការដាក់ចេញឲ្យអនុវត្តន៍នូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក៏ដូចជាយុទ្ធសាស្រ្តកែទម្រង់សំខាន់ៗ និង ស៊ីជម្រៅផ្សេងៗទៀត ផងដែរ។
ជាមួយគ្នានេះដែរ, ក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិបន្ត, ដោយការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, កម្ពុជា កំពុងចំរបៀបវារៈ គោល នយោបាយរបស់ រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផ្សេងទៀត ក្នុងការជំរុញឲ្យមានការកែទម្រង់ស៊ីជម្រៅបន្ថែមទៀត សំដៅលើកកម្ពស់កំណើន, បង្កើតការងារ, ធានាការ បែងចែកដោយសមធម៌ និងការលើកកម្ពស់ប្រសិទ្ធិភាពនៃអភិបាលកិច្ច នៅក្នុងពេលខាងមុខបន្តទៀត។
របៀបវារៈគោលនយោបាយបន្តនោះ នឹងផ្តោតលើការបន្តកសាង អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងវិជ្ជាជីវៈ, លើកតម្កើងភាពប្រកួតប្រជែងរបស់កម្ពុជា និងការចូល រួមពីវិស័យឯកជនកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍។ លោក Johannes Oljelund បានទទួលស្គាល់ពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់ កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ។
លោកក៏បានបញ្ជាក់បន្ថែមថា ដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែត សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ (Strategy for Sweden International Cooperation in Cambodia 2014-2018) នឹងត្រូវចប់អាណត្តិជាពេលខាងមុខ, ស៊ុយអែត ក៏គ្រោងត្រៀមផ្តល់កិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលបន្ទាប់ (២០១៨-២០២២) តាមរយៈការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ហើយយុទ្ធសាស្រ្តនោះ នឹងស្របគ្នាជាមួយកម្មវិធីជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរ, លោក ក៏បានបង្ហាញពីការបន្តការគាំទ្រដល់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត បន្ថែមទៀត។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលតែងតែ ផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការ នេះ ឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ៕