(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ចំនួន៣ និងសំណើរសងសង់រោងចក្រផលិតអគ្គិសនីនៅខេត្តព្រះសីហនុ និងកំពង់ស្ពឺ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត និងគាំទ្រអស់ហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ។
សេចក្តីព្រាងច្បាប់ដែលគណៈរដ្ឋមន្ត្រីបានអនុម័តនាព្រឹកនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច «គ» នៃផ្នែកទី៣ ជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នំា១៩៩៧។
២៖ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧។
ក្រៅពីសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ គម្រោងវិនិយោគសាងសង រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ និងគម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ ក៏ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តយល់ព្រមផងដែរ៕