(ភ្នំពេញ)៖ ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំកម្ពុជា ក្រុមហ៊ុន Hanamaru Lab បាននាំយកនូវគម្រោងសិក្សាថ្មីមួយ ដែលមានឈ្មោះថា កម្មវិធីសិក្សា Think! Think! មកចែករំលែក និងបង្រៀនដល់កុមារកម្ពុជា ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៤ ដោយសិក្សាតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប Tablet ដែលផ្ដល់ភាពងាយស្រួលក្នុងការសិក្សា និងបង្កើនការគិតរបស់កុមារបានយ៉ាងលឿនទៀតផង។
ក្រោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងអនុញ្ញាតឲ្យក្រុមហ៊ុនរៀបចំគម្រោងសិក្សាខ្លីៗតាមសាលាបឋមសិក្សាមួយចំនួនក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែឧសភានេះ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Hanamaru Lab បានចាប់ផ្ដើមអនុវត្តន៍គម្រោងលើកទី២ របស់ខ្លួន នៅសាលាបឋមសិក្សាវត្តគ្រួស សង្កាត់សំរោង រាជធានីភ្នំពេញ ដើម្បីបង្រៀនកុមារតាមរយៈកម្មវិធីសិក្សា Think! Think! របស់ខ្លួន។
លោក Kei Kawashima អគ្គនាយកក្រុមហ៊ុន Hanamaru Lab បានថ្លែងថា គម្រោងសិក្សាខាងលើ គឺផ្ដោតលើការណែនាំអំពីការអប់រំនៃសមត្ថភាពគិត សមត្ថភាពដោះស្រាយបញ្ហា និងយល់ដឹងអំពីការលើកហេតុផលនានាជាមួយកម្មវិធីសិក្សា Think! Think! ដែលបានបង្កើតឡើងដោយការដឹកនាំរបស់អ្នកជំនាញគណិតវិទ្យាជនជាតិជប៉ុន និងត្រូវបានជ្រើសរើសជាកម្មវិធីល្អបំផុតសម្រាប់កុមារដោយក្រុមហ៊ុន Google Play Award 2017។
លោករំពឹងថា ការនាំកម្មវិធីសិក្សាថ្មីជាមួយនឹងឧបករណ៍សិក្សាថ្មី Tablet មកកាន់ប្រទេសកម្ពុជា នឹងជួយឲ្យការសិក្សារបស់កុមារកម្ពុជាកាន់តែរីកចម្រើន ពិសេសគឺការគិតបានលឿនតែម្ដង។ លោកថា «នេះគឺជាកម្មវិធីថ្មីមួយ ដែលយើងបង្កើតលើប្រព័ន្ធ iOS និង Android ហើយដាក់ក្នុង Tablet សម្រាប់ក្មេងៗសិក្សាជំនួសឲ្យសៀវភៅ ដោយមានបញ្ចូលទាំងលំហាត់គណិតវិទ្យា ដើម្បីបង្កើនការគិត តាមរយៈការអនុវត្តជាក់ស្ដែង ដែលទទួលបានការគាំទ្រពីក្រសួងអប់រំ និងអង្គការ JICA ផងដែរ»។
អគ្គនាយកក្រុមហ៊ុនដដែលបន្ដថា ការអនុវត្តគម្រោងទី២នេះ គឺស្ថិតក្នុងគម្រោងសាកល្បងរយៈពេល ៣ខែ និងត្រូវរៀបចំតាមសាលាគោលដៅចំនួន៥ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម ដោយត្រូវអនុវត្តន៍ ៤ថ្នាក់ក្នុង១សាលា ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៤ និងចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះក្នុង១ថ្ងៃ។ លោកថា ដ្បិតតែការសិក្សាមានរយៈពេលខ្លី ប៉ុន្ដែឆ្លងកាត់បទពិសោធន៍នៅជប៉ុន កម្មវិធីនេះ បានជួយកុមារឲ្យបង្កើនការគិតបានយ៉ាងឆាប់រហ័ស។ ដូច្នេះលោកមានគម្រោងពង្រីកកម្មវិធីនេះឲ្យបានទូទាំងប្រទេសកម្ពុជានា ដើម្បីជំរុញការគិតរបស់កុមារកម្ពុជាកាន់តែលឿនបន្ថែមទៀត។
គួរបញ្ជាក់ថា កម្មវិធីសិក្សា Think! Think ត្រូវបានទទួលស្គាល់ និងគាំទ្រដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដោយសារកម្មវិធីសិក្សាទំនើបមួយនេះ ឆ្លើយតបនឹងគម្រោងសិក្សារបស់ក្រសួងអប់រំ ស្ដីពីវិទ្យាសាស្ដ្រ-បច្ចេកវិទ្យា-វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM។ ក្រៅពីរៀបចំកម្មវិធីផ្ទាល់ នៅតាមសាលាគោលដៅមួយចំនួន ក្រុមហ៊ុន Hanamaru Lab ក៏បានបញ្ចូលកម្មវិធីនេះទៅក្នុងប្រព័ន្ធ iOS និង Android ដើម្បីងាយស្រួលទាយយកមកប្រើប្រាស់ដោយឥតគិតថ្លៃ ខណៈបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ៤០ម៉ឺននាក់ទូទាំងពិភពលោករួចមកហើយ៕