(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្រេចអនុម័ត និងគាំទ្រទាំងស្រុងទៅលើគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ និងគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ។
ក្នុងខ្លឹមសារនៃសេចក្តីស្នើសុំការអនុម័តគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីទាំងពីរខាងលើនេះ បានបញ្ជាក់ថា វិស័យថាមពលអគ្គិសនី គឺជាវិស័យមួយមានសារៈសំខាន់ណាស់សម្រាប់សង្គម និងសេដ្ឋកិច្ចដែលមិនត្រឹមតែតែជាផ្នែកមួយសម្រាប់បម្រើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏ចំាបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យផ្សេងៗទៀតដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលអគ្គិសនី គឺជាគន្លឹះដ៏សំខាន់សម្រាប់ជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យផ្សេងៗ ការអភិវឌ្ឍតំបន់ជនបទ និងការបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងខ្លឹមសារនេះ បានបន្ថែមថា ផ្អែកតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភារាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយជាអាទិភាព សម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានាសំដៅលើកកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងបង្កើតបរិយាកាសអំណោយផលសម្រាប់ទាក់ទាញការវិនិយោគពីប្រភពខាងក្នុង និងក្រៅប្រទេសផងដែរ។
ក្នុងខ្លឹមនេះ បានបន្ថែមថា ការបន្តអភិវឌ្ឍន៍វិស័យថាមពល ដើម្បីធានាឆ្លើយតបដោយប្រសិទ្ធភាព និងក្នុងថ្លៃសមរម្យទៅនឹងតម្រូវការនៃការប្រើប្រាស់ ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺជាបៀបវារៈដ៏សំខាន់បំផុតមួយនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលនឹងបន្តជំរុញការអភិវឌ្ឍបង្កើតស្ថានីយផលិតអគ្គិសនី ដែលប្រើប្រភពថាមពលក្នុងស្រុក ដូចជាវារីអគ្គិសនី ឧស្ម័នធម្មជាតិ រ៉ែធ្យូងថ្ម គួបផ្សំនឹងការអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ដែលប្រើប្រភពថាមពលនំាចូលដែលអាចទុកចិត្តបានសម្រាប់រយៈពេលវែង និងបន្តនំាចូលអគ្គិសនីពីប្រទេសជិតខាង រួមមានឡាវ ថៃ និងវៀតណាម ក៏ជាទិសដៅសម្រាប់សន្តិសុខថាមពលក្នុងតំបន់តាមរូបភាពពាណិជ្ជកម្មអគ្គិសនី។
ជាមួយគ្នានេះ រាជារដ្ឋាភិបាលនឹងជំរុញការសាងប្រព័ន្ធបណ្តាញអគ្គិសនីឲ្យគ្រប់ដណ្តប់ទូទំាងប្រទេស ដើម្បីបញ្ជូនថាមពល ដែលមានគុណភាព និងថ្លៃសមរម្យចេញពីប្រភពនានាទៅផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការនៅតាមបណ្តាទីក្រុង ទីរួមខេត្ត ទីប្រជុំជន និងតំបន់ជនបទទំាង ឡាយ ព្រមទំាងរៀបចំជាបណ្តើរៗ ដើម្បីធ្វើសមាហរណកម្មប្រព័ន្ធថាមពលអគ្គិសនីកម្ពុជាទៅក្នុងបណ្តាញប្រទេសក្នុងមហាអនុតំបន់មេគង្គ និងអាស៊ាន ដោយអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គស្តីពីវិស័យថាមពល កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ៕
របាយណ៍ស្តីពីវឌ្ឍនភាព និងការប្រឈមក្នុងវិស័យអគ្គិសនីបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅប្រទេសកម្ពុជា បានប្រើប្រាស់ថាមពលអគ្គិសនីសរុបទាំងអស់ចំនួន ៧,៩៦៦លានគីឡូវ៉ាត់ម៉ោង (លានKWh)។ ក្នុងនោះទិញថាមពលអគ្គិសនី ១,៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោងពីប្រទេសជិតខាង និងថាមពលក្នុងស្រុកមាន ៦,៤៨៦.២៥លានគីឡូវ៉ាត់ម៉ោង។
របាយការណ៍ដដែលបានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ ប្រភពអគ្គិសនីដែលកម្ពុជាមាន និងប្រើបាស់មាន២ប្រភេទរួមមាន៖ ប្រភពអគ្គិសនីដែលអភិវឌ្ឍន៍នៅក្នុងស្រុកពីប្រភពដុតធ្យូងថ្ម វារីអគ្គិសនី ដុតប្រេង ថាមពលកើតឡើងវិញ (ពន្លីព្រះអាទិត្យ) និងប្រភពផ្ទាល់ខ្លួនរបស់អ្នកចែកចាយសរុប ៦,៤៨៦.២៥គីឡូវ៉ាត់ម៉ោង និង ប្រភពអគ្គិសនីក្រៅស្រុកដែលនាំចូលពីប្រទេសវៀតណាម ថៃ ឡាវ សរុប១,៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោង។
អាជ្ញាធរអគ្គិសនីបានឲ្យដឹងទៀតថា បរិមាណថាមពលអគ្គិសនី ដែលកម្ពុជាបានប្រើប្រាស់ ចេញពីប្រភពខាងលើបានកើនឡើង ១១% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះថាមពលអគ្គិសនី ដែលបានមកពីការផលិតក្នុងស្រុកបានកើនឡើងពី ៧៧.៩% នៅឆ្នាំ២០១៦ ទៅ ៨១.៤% នៅឆ្នាំ២០១៧ ឯបរិមាណថាមពលដែលនាំចូលពីប្រទេសជិតខាងបានថយចុះពី ២២% មក ១៨.៦%។